ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច កំណើនប្រកបដោយបរិយាប័ន្ន ក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩​ — ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តទៅលើយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយដែលមានរយៈពេល ៥ឆ្នាំ ដែលមានកំណត់ចែងអំពីកិច្ចគាំទ្ររបស់ស្ថាប័ននេះ ចំពោះគោលដៅរបស់កម្ពុជា ក្នុងការក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ស្ថិតក្រោមយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣ ធនាគារ​អភិវឌ្ឍន៍អាស៊ី​ នឹងផ្តល់ថវិកាចំនួន១.៤៥ ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យ​កសិកម្ម និងការគ្រប់គ្រង​ធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ      ហេដ្ឋា​រចនា​សម្ព័ន្ធថាមពលកកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ ជាមួយគ្នានេះ ការគាំទ្រដល់កំណែទម្រង់ វិស័យសាធារណៈ និងការកែលម្អសមត្ថភាពស្ថាប័ន នឹងនៅ​តែបន្តជាការផ្តោតយកចិត្តទុកដាក់ចម្បង របស់កម្មវិធីធនាគារអភិវឌ្ឍន៍អាស៊ី។ ការផ្តួចផ្តើម​ទាំងនេះ មានគោលបំណងកែលម្អលទ្ធភាពទទួលបានសេវាកម្ម និងគុណភាពសេវាកម្ម​សម្រាប់​ពលរដ្ឋកម្ពុជា ព្រមទាំងបរិយាកាសធុរកិច្ចផងដែរ។

លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេស​កម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់យើង នឹងគាំទ្រ​ដល់​គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពប្រកួតប្រជែង និងពិពិធកម្ម​ប្រភព​ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ច         ការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និង​ បរិយា​ប័ន្ន ការកសាងឱ្យមានភាពធន់ទៅនឹងអាកាសធាតុ និងការពន្លឿនកំណែទម្រង់​អភិបាលកិច្ច”។ លោកស្រីបានលើកឡើងថា ជាមធ្យមសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង ៨.០ភាគរយ ពីឆ្នាំ១៩៩៩-២០១៨ ដែលធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមួយក្នុងចំណោម​បណ្តា​ប្រទេសនានា ដែលមានការរីកចម្រើនរហ័សបំផុតនៅក្នុងពិភពលោក។ ប្រាក់ចំណូលដុល​ជាតិក្នុងមួយនាក់ បានកើនឡើងពី ២៩០ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ រហូតដល់ ១.៣៨០ ដុល្លារ ក្នុងឆ្នាំ ២០១៨។

តែបើទោះជាដូច្នេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ដោយរាប់បញ្ចូល​ទាំងភាព​ក្រីក្រក្នុងចំណោមស្រ្តីជាមេគ្រួសារ ដែលធ្វើឱ្យពួកគេងាយរងគ្រោះជាពិសេសទៅនឹង​ការងារ​គ្មានសុវត្ថិភាព។ កិច្ចគាំពារសង្គម នៅមានកម្រិត ហើយភាពរីកចម្រើនខាងផ្នែកសុខភាព អប់រំ និងទិដ្ឋភាពដទៃទៀតនៃការអភិវឌ្ឍមនុស្ស នៅតែបន្តមានភាពផុយស្រួយនៅឡើយ។ លទ្ធភាពទទួលបានបរិក្ខាអនាម័យ នៅស្ថិតក្រោមកម្រិតមធ្យមភាគនៅឡើយ សម្រាប់​បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ទន្ទឹមនេះ កម្ពុជាក៏ជួបប្រទះ​បរិយា​កា​សពាណិជ្ជកម្មសកលដែលគ្មានភាពប្រាកដ្ឋប្រជា ព្រមទាំងកំណើននៃការប្រកួតប្រជែង​ក្នុងតំបន់ផងដែរ។ ក្រៅពីនេះ កិច្ចខិតខំក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងវិស័យសេវាកម្ម និង កម្មន្តសាល បាននិងកំពុងរងការរាំងស្ទះ ដោយសារកង្វះកម្មករជំនាញ ចន្លោះប្រហោង​នៅក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល និងឡូជីស្ទីក ព្រមទាំងដំណើរការធុរកិច្ចខ្វះតម្លាភាព។

លោកស្រី Sunniya Durrani-Jamal បានបន្ថែមទៀតថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំ​ប្រទេសកម្ពុជានេះ នឹងជួយបង្កើតឱ្យមានកាលានុវត្តភាពការងារកាន់តែប្រសើរ សម្រាប់ពល​រដ្ឋ​កម្ពុជា តាមរយៈការវិនិយោគទៅលើការអប់រំ ជំនាញ និង ការរៀនសូត្រពេញមួយ​ជីវិតរបស់ពួកគេ។ ដោយសារប្រទេសកម្ពុជាមានចំនួនប្រជាពលរដ្ឋវ័យក្មេងច្រើន ដូច្នេះការ​ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការទាញប្រយោជន៍ពី         នវានុវត្តន៍នានា គឺជា​ចំណុច​ស្នូលនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់យើង។ លោកស្រីបានបញ្ជាក់​បន្ថែមថា “ការលើកកម្ពស់សក្តានុពល និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាពិសេសនៅក្នុង​វិស័យសាធារណៈ និងការការពារធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា មាន​ សារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍប្រទេស”។

លោកស្រីបានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញានាំមកនូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ ក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាព ទីទ័លក្រផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យាផ្តល់​ឥណទាន​សម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មី ដែលមានចំនួនទឹកប្រាក់ ២១.៦ពាន់លាន ដុល្លារ៕

ដោយ អ៊ុន រិទ្ធី