សមាគម​ក្រុម​​​ប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បើកវេទិកាពិគ្រោះយោបល់ ស្តីពីយុទ្ធសាស្ត្រគាំទ្រការងាររៀបចំលំនៅឋានមិនរៀបរយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — ដោយមានការគាំទ្រពីសាលារាជធានីភ្នំពេញ និងពីផ្នែកពាក់ព័ន្ធ​ សមាគម​ក្រុម​​​ប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ  បានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីយុទ្ធសាស្ត្រ​គាំទ្រ​ការ​ងារ​​រៀបចំលំ​នៅ​ឋាន​​មិនរៀបរយ ​នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នៅ​សណ្ឋា​គារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមាន​ការចូល​រួម​ពី​អាជ្ញាធរខណ្ឌ សង្កាត់ សហគមន៍ ភូមិ អង្គការជាដៃគូ និងដោយមានការចូលរួមពី​សកល​វិទ្យាល័យភូមិ​ន្ទ​វិចិត្រ​សិល្បៈ​ផងដែរសរុបប្រមាណ ៦០នាក់។

លោក ប៉ុក សុគន្ធដារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ​ថ្លែង​ថា វេទិកាពិគ្រោះយោបល់នេះធ្វើឡើង ដើម្បី​ប្រមូល​ធាតុ​ចូលល្អៗ សម្រាប់កសាង​ផែន​ការ​​យុទ្ធសាស្ត្រ ក្នុងការស្វែងរកអ្នក​គាំទ្រដល់គម្រោងរៀបចំ​លំ​នៅឋាន​ប្រជាពលរដ្ឋ​នៅ​សហ​គមន៍​​ឱ្យមានលក្ខណៈ​​​រៀបរយ។ លោក​បន្តថា ក្រោយការ​ពិភា​ក្សាជាមួយភាគី​ពាក់​ព័ន្ធរួច​ ​ ឯកសារផែនការ​យុ​ទ្ធ​សាស្ត្រនេះ​អាច​យកទៅ​ប្រើប្រាស់បានយ៉ាងទូលំទូលាយ ទៅដល់ អ្នកដែលមានតម្រូវ​ការចាំបាច់​ប្រើប្រាស់។ ​ឯកសារផែនការយុទ្ធសាស្ត្រនេះ​មិនត្រឹម​តែ​សម្រាប់នៅ​រាជធានីភ្នំពេញ ឬក៏ខេត្តណាមួយទេ ឱ្យតែអ្នកពាក់ព័ន្ធ​ផ្នែក​រដ្ឋបាល​សា​ធារ​ណៈត្រូវការ ​ឯកសារដែលមាន​លក្ខណៈសមស្រប​នេះ ​អាចយកទៅប្រើការបាន។

លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍នៅតាមសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ គឺអាជ្ញាធររាជធានី​ភ្នំពេញបាន​យកចិត្តទុកដាក់ខ្ពស់ ដូចជាការរៀបចំលំឋានរៀបរយ ឧទា​ហ​រណ៍ដូចជាគម្រោង​ប្រ​ឡាយ​ស្ទឹងមានជ័យជាដើម សាលារាជធានីភ្នំពេញ​មិនគ្រាន់តែរៀបចំ​ឱ្យមាន​ប្រឡាយរៀប រយនោះទេ ព្រម​ទាំងបានផ្តល់ដីធ្លីជូនប្រជាពលរដ្ឋ ឱ្យគាត់មានលទ្ធភាពសង់ផ្ទះមានលំនៅ​ឋានត្រឹមត្រូវតាម​លទ្ធភាពរបស់ពួកគាត់។ ទន្ទឹមនេះរដ្ឋបាលរាជធានីភ្នំពេញ បានកៀរគរនូវគម្រោង​សហប្រតិ​បត្តិការជាមួយនឹងសហគមន៍អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ក៏ដូចជាសហគមន៍អឺរ៉ុប​​ផ្តល់ជាគម្រោងមួយ ជួយរៀបចំធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ដែល​ទទួលបានដីធ្លីពីរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈវិធានការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាមិនត្រឹមតែឱ្យពួកគាត់មាន​ទីតាំងស្នាក់​នៅសម​រម្យ​ទេ ថែមទាំងរៀបចំនូវលំហរបរិស្ថាន ក៏ដូចជាការរៀបចំនៅមូលដ្ឋាននីមួយៗ សង្កាត់នីមួយៗ សហគមន៍នីមួយៗចេះរៀបចំនូវទីធ្លាក្រុង លំហរសាធារណៈ ដោយខ្លួនគាត់ដោយមាន​ការ​ពិភាក្សាត្រឹមត្រូវពីបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់។ វេទិកា​ពីគ្រោះយោបល់ ថ្ងៃនេះសំខាន់ណាស់ ដើម្បីប្រមូលផ្តុំនូវគំនិតល្អៗកសាងផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណា ជួយ​​ឱ្យសហមគន៍​រៀបរយ ក្លាយ​ទៅ​ជាសហគមន៍មួយ ​ដែលជាសហគមន៍ទីក្រុងស៊ីវីល័យ។

លោក លឹម វ៉ាង ប្រធានសហគមន៍ស្ទឹងមានជ័យ បានចាត់ទុកថា វេទិកានេះ​មាន​សា​រ​សំខាន់ណាស់ ទាក់ទង​នឹងជជែកគ្នាលើការ​អភិ​វឌ្ឍសហគមន៍ ដូចសហគមន៍គម្រោង​ប្រឡាយស្ទឹង​មាន​ជ័យរបស់លោក​ជាដើម។ លោកថាប្រជាសហគមន៍​រស់​នៅលើតំបន់ប្រឡា​យ ជា​តំបន់​មិន​រៀប​រយ វាប៉ះពាល់ទាំងលើសំរាម ប៉ះពាល់ផ្នែកសុខភាព អនាម័យបរិស្ថាន។ បច្ចុប្បន្ននេះ ដោយរាជរដ្ឋាភិបាលបាន​​ជួយអភិវឌ្ឍន៍នៅនឹងកន្លែង បានធ្វើឱ្យ​លំនៅ​ឋា នប្រជាពលរដ្ឋក្រីក្រសហគមន៍ប្រឡាយស្ទឹងមានជ័យដែលពីមុនមិនរៀបរយ បានក្លាយជាសហគមន៍មានលំនៅឋានរៀបរយ មានបរិស្ថានស្អាត តែគ្រាន់តែវានៅមិនទាន់​បាត់ក្លិនស្អុយពី​ប្រឡា​យ​នៅឡើយ។

ក្នុងនាមលោកជាតំណាងឱ្យសហគមន៍ សូមសំណូមពរដល់អង្គការ​ជាដៃគូ​មេត្តា​ជួយផ្តល់នូវកញ្ចប់ថវិកាណាមួយ សម្រាប់សហគមន៍ដោះស្រាយក្រោយ​ពីគម្រោង​អភិ​វឌ្ឍ​ន៍​ចប់ ដើម្បីកសាងជាហេដ្ឋារចនាសម្ព័ន្ធ ឬក៏បរិស្ថានជាដើមឱ្យកាន់តែរឹងមាំថែមទៀត៕

ដោយ ប៉ាល់ សុង