កម្ពុជា ស្នើភាគីចិនជួយសម្រួលដល់ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំខេត្តសានស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — កម្ពុជា ស្នើភាគីចិនជួយសម្រួលដល់ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ ទីក្រុងយានតាយ ខេត្តសានស៊ី នៃប្រទេសចិន ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មបន្ថែម ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តសានស៊ីនៅមានចំនួនតិចតួចនៅឡើយ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារជាមួយ លោក វ៉ាន យីស៊ីន អភិបាលរងខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូក្រសួង ពាណិជ្ជកម្មដឹកនាំដោយឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ហើយឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើនលើ គ្រប់វិស័យរបស់រដ្ឋបាលប្រជាជនខេត្តសានស៊ី ជាពិសេសចំពោះការរៀបចំពិព័រណ៍ ពាណិជ្ជកម្មផ្លែឈើអន្តរជាតិលើកទី៤ ឆ្នាំ២០១៩នេះដោយបានទាក់ទាញពាណិជ្ជករ ផ្លែឈើមកពីប្រទេសផ្សេងៗចូលរួមយ៉ាងច្រើនដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកបញ្ហាប្រឈមនានាក្នុងការនាំចេញ-នាំចូលផលិតផលផ្លែឈើ ជាមួយប្រទេសចិន(ខេត្តសានស៊ី)។

នៅក្នុងឱកាសនេះដែរឯកឧត្តមប្រធានគណៈប្រតិភូបានជម្រាបលោក វ៉ាន យីស៊ីន ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិនរហូតសម្រេចបាននូវ ទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារ ដល់កម្រិតដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរចង់ បាន។

ឯកឧត្តមប្រធានគណៈប្រតិភូបានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងខេត្តសានស៊ីនៅមានកម្រិតទាបនៅឡើយទាមទារឱ្យភាគីទាំងពីរយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀត។ កម្ពុជាបានស្នើរដ្ឋបាលខេត្តសានស៊ីពិនិត្យនិងគាំទ្រលើចំណុចមួយចំនួនដូចជា  ១.ជំរុញការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មទៅវិញទៅមក, ២. ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងយានតាយខេត្តសានស៊ី, ៣. ផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្ម និងជំរុញវិស័យឯកជនចូលរួមពិព័រណ៍ទៅវិញទៅមក, ៤. ជំរុញអ្នកវិនិយោគទុនខេត្តសានស៊ីធ្វើការវិនិយោគលើការកែច្នៃកសិផលនៅកម្ពុជានិងជំរុញធ្វើការផ្លាស់ប្តូរវិស័យទេសចរណ៍ផងដែរ។

តបតាមសំណើររបស់គណៈប្រតិភូកម្ពុជា លោក  វ៉ាន យីស៊ីន បានសម្តែងនូវការ កោតសរសើរចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។ លោកបានឯកភាព និងបង្ហាញនូវការគាំទ្រចំពោះចំណុចទាំងឡាយដែលលើកឡើងដោយភាគីកម្ពុជា។ ចំពោះ ការជំរុញវិស័យទេសចរណ៍លោក វ៉ាន យីស៊ីន បានស្នើដល់មន្ទីរទេសចរណ៍ខេត្តសានស៊ី ធ្វើការជាមួយភ្នាក់ងារទេចរនៃប្រទេសទាំងពីរ ប្រសិនបើមានភ្ញៀវទេសចរច្រើននោះ រដ្ឋបាល ខេត្តសានស៊ី នឹងពិនិត្យលទ្ធភាពរៀបចំជើងហោះហើរពិសេស(Charter Flight) ហោះហើរពីទី ក្រុងយានតាយខេត្តសានស៊ី មកកាន់កម្ពុជា ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ៕

ដោយ ម៉ៅ ចរិយា