អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីប្រទេសអាស៊ាន ទស្សនកិច្ចនៅសារមន្ទីរ​អតីត​​ព្រះបរមរាជវាំងចិន ក្នុងទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — អ្នកសារព័ត៌មានកម្ពុជាចំនួនពីររូបមកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រួមជាមួយអ្នក​សារព័ត៌មានមកពីប្រទេសអាស៊ានបានទៅទស្សនកិច្ចនៅសារមន្ទីរអតីតព្រះបរមរាជវាំងចិន ដើម្បីឈ្វេងយល់ពីការសាង និងអភិវឌ្ឍន៍ប្រទេសចិន ចាប់តាំងពីអតីតកាល និងរហូតមក​ដល់​ពេល​បច្ចុប្បន្ននេះ។ ការទស្សនកិច្ចនេះ ធ្វើឡើងនៅសារមន្ទីរអតីតព្រះបរមរាជវាំងចិន ដែលមានទីតាំងស្ថិតនៅក្នុងទី​ក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីចុង​សប្ដាហ៍​កន្លងមកនេះ។ សារមន្ទីរព្រះបរមរាជវាំងចិន មានទីតាំងស្ថិតនៅក្នុងរាជវាំងអធិរាជនៃរាជវង្ស​មីង​(Ming) (១៣៦៨-១៦៤៤) និងរាជវង្សឈីង(Qing) (១៦៤៤-១៩១១)។ អគារស្ថាបត្យកម្មវិមាន​ដ៏អស្ចារ្យដែលត្រូវបានគេស្គាល់ថាជាទីក្រុងហាមឃាត់ស្ថិតនៅចំកណ្តាលតំបន់ Axis  នៃទី​ក្រុងប៉េកាំង ហើយសារមន្ទីរនេះ គ្របដណ្តប់លើផ្ទៃដី ៧២០,០០០ ម៉ែត្រការ៉េ​និងមានទំហំ​អគារប្រហែល ១៥០,០០០ ម៉ែត្រការ៉េ។ នៅចំកណ្តាលសាលធំៗចំនួន៣ គឺសាលរៀបចំ​ពិធីខ្ពស់បំផុត (Taihedian), សាលរៀបចំពិធីផ្នែកកណ្ដាល (Zhonghedian) និងសាល​សម្រាប់​ធ្វើកម្មវិធី និងរក្សាទុក (Baohedian)។ ក្នុងបរិវេណនេះក៏មានកន្លែងស្នាក់នៅ និងសាលជាង ៧០ និង៩.០០០ ផ្ទះផងដែរ។ ទីក្រុងចំណាស់ដែលត្រូវបានហាមឃាត់នេះ គឺជាសំណង់ឈើ​បុរាណដ៏ធំមួយ និងត្រូវបានថែរក្សា​យ៉ាងល្អបំផុត សម្រាប់ការពារនូវរចនាសម្ព័ន្ធនៅលើ​ពិភពលោក។ សារមន្ទីរអតីតព្រះ​បរមរាជ​វាំងចិន ត្រូវបានគេចាត់ទុកថា​ជារាជវាំងមួយក្នុង​ចំណោមរាជវាំងទាំង៥ នៅលើពិភពលោក​ហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌​ពិភព​លោករបស់អង្គការយូណេស្កូ។ សូមបញ្ជាក់ថា សារមន្ទីរអតីតព្រះបរមរាជវាំងចិននេះ ទទួលបានភ្ញៀវទេសចរជាតិ អន្ដរជាតិមកទស្សនា ដោយក្នុងមួយៗឆ្នាំមានចំនួនជាង៦០លាននាក់៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង