អនុប្រធានទី២ព្រឹទ្ធសភា ទទួលជួបសវនាការជាមួយអនុប្រធានគណៈកម្មាធិការធនធានប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សានយោបាយប្រជាជនចិន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ –កាលពីរសៀលថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែអស្សុជ​ ឆ្នាំកុរ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម ZHANG BAOSHUN អនុប្រធានគណៈកម្មាធិការធនធានប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម ទេព ងន បានសម្តែងនូវការការស្វាគមន៍ដ៏កក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូទាំងអស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង ពង្រីកចំណងប្រពៃណី មិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និង ប្រទេសយើងទាំងពីរកាន់តែរឹងមាំ រីកចម្រើនលើគ្រប់វិស័យ និងមានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តម ទេព ងន បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរបានបន្តនូវប្រពៃណីពីថ្នាក់ដឹកនាំជំនាន់មុន ដែលមានព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាមួយនឹងឯកឧត្តមប្រធាន ម៉ៅ សេទុង និងឯកឧត្តមនាយករដ្ឋមន្រ្តី ជូ អេន ឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនដោយខិតខំពង្រឹងពង្រីក និងលើកកម្ពស់ចំណងមិត្តភាពបន្ថែមទៀត រហូតក្លាយជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលបច្ចុប្បន្ន។

ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន ដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយប្រជាជនកម្ពុជា ហើយតែងតែចាត់ទុកការលំបាករបស់កម្ពុជា ជាការលំបាករបស់ចិន និងគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវិភាគទានដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជាបងប្អូនដែលបានចូលរួមចំ ណែកដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ប្រទេសចិនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបានក្លាយខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាប្រភពនៃវិនិយោគផ្ទាល់ដ៏ធំ និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេដល់កម្ពុជា។ ជំនួយអភិវឌ្ឍន៍ទាំងអស់ពីសំណាក់មិត្តចិន មិនត្រឹមតែបានចូលរួមវិភាគទានដ៏សំខាន់ដល់ការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជាបាននិងកំពុងទទួលផលដ៏ធំធេងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្គគ្រប់ជ្រុងជ្រោយពីគោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងធនាគារវិនិយោគហេដ្ឋារចនា  សម្ព័ន្ធអាស៊ី(AIIB)។ លទ្ធផលជាក់ស្តែងពីគោលនយោបាយនេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់បដិសន្ធិឡើងនៅអំឡុងឆ្នាំ២០២២ និងការរីកចម្រើននៃខេត្តព្រះសីហនុដ៏ឆាប់រហ័ស។

ឯកឧត្តម ទេព ងន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបន្តគាំទ្រឥតងាករេនូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកសាធារណរដ្ឋប្រជាមានិតចិន ជាមិត្តភក្តិល្អ បងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ព្រឹទ្ធសភា និងឯកឧត្តមផ្ទាល់ ឯកឧត្តមសូមបន្តគាំទ្រដោយពេញលេញរាល់សេចក្តីសម្រេចនានា ដែលធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឯកឧត្តមបានបន្តថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំសា្ថប័ន និងគណៈកម្មការជំនាញសភានៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

ឯកឧត្តម ទេព ងន បានថ្លែងអំណរគុណចំពោះជំនួយរបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ជូនដល់ព្រឹទ្ធសភាកម្ពុជាចាប់តាំងពីនីតិកាលទី១ រហូតមកដល់បច្ចុប្បន្ន។ សាធារណរដ្ឋប្រជាមានិតចិននិងសភាប្រឹក្សា នយោបាយប្រជាជនចិន តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសំណូមពររបស់ព្រឹទ្ធសភា និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភាបានប្រើប្រាស់ជំនួយរបស់មិត្តចិនដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ជា មួយគ្នានេះដែរឯកឧត្តម មានជំនឿជឿជាក់ថា សភាប្រឹក្សានយោបាយប្រជាជនចិន និងត្រិះរិះពិចារណាដើម្បីបន្តជួយសាងសង់អគារសាលប្រជុំព្រឹទ្ធសភាកម្ពុជា។

នាឱកាសនោះ ឯកឧត្តម ZHANG BAOSHUN បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបជា មួយនឹងគណៈប្រតិភូ។ ឯកឧត្តមបានជម្រាបថា នេះគឺជាលើកទី១ ហើយដែលឯកឧត្តមមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្តមសង្កេតឃើញថា ប្រទេសកម្ពុជាមានអភិវឌ្ឍន៍ការរីកចម្រើនជាខ្លាំង មានអគារខ្ពស់ៗ និងការដ្ឋានជាច្រើន ជាពិសេសរាជធានីភ្នំពេញ គឺជារាជធានីមួយប្រកបដោយភាពរស់រវើក។

ឯកឧត្តម ZHANG BAOSHUN បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្រាវជ្រាវអំពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការពារអេកូបិរស្ថាននៅប្រទេសកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមសង្ឃឹថា ប្រទេសទាំងពីរនឹងសហការគ្នាក្នុងការជំរុញទៅលើការការពារអេកូបរិស្ថាន បើទោះបីជាដំណើរទស្សនកិច្ចមាន   រយៈពេលខ្លីក៏ដោយ ក៏គណៈប្រតិភូមានឱកាសជួបជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួង បរិស្ថាន និងបានទៅទស្សនានៅកន្លែងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្រនូវគោលនយោបាយចិនតែមួយ។ជាមួយគ្នានេះ ប្រទេសចិននៅតែបន្តគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ឯកឧត្តម ZHANG BAOSHUN បានគូសបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមសង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិនេះបន្ថែមទៀត ដើម្បីឱ្យទំនាក់ទំនងរវាងសភាប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរកាន់រឹងមាំថែមទៀត។

ឯកឧត្តម ទេព ងន បានឯកភាពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯឧត្តមប្រធានគណៈប្រតិភូ ដែលលើកអំពីការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នានឹងការកាពារបរិស្ថាន។ ថ្វីត្បិតតែព្រឹទ្ធសភាកម្ពុជាជាស្ថាប័ននីតិប្បញ្ញត្តិក៏ពិតមែន ក៏ព្រឹទ្ធសភាតែងតែគិតគូរអំពីផលប៉ះពាល់បរិស្ថាន។រាល់ច្បាប់នានាដែលឆ្លងព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា តែងតែប្រជុំវាយតម្លៃអំពីផលប៉ះពាល់បរិស្ថានជានិច្ច៕

ដោយ ប៉ាល់សុង