រដ្ឋបាលរាជធានីភ្នំពេញបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ –រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពល រដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋនៅមូលដ្ឋាន ។ ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ កាលពីថ្ងៃព្រហ ស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៩ ។

ឯកឧត្ដម ហួត ហៃ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្ហាញផែនការពន្លឿនការដោះស្រាយតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដូចជា ការជួសជុសជង្ហុកសម្បុកមាន់ ស្តារប្រព័ន្ធប្រឡាយ លូ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ បញ្ហាក្មេងទំនើង សំរាម ចោរកម្ម និងល្បែងស៊ីសងនៅមូលដ្ឋាន រួមទំាងការបង្ខិតសេវារដ្ឋបាលសាធារណៈឱ្យកាន់តែនៅកៀកជិតប្រជាពលរដ្ឋ។

ឯកឧត្ដម អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហាទំាងអស់នេះនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ ឯកឧត្ដមបានបន្តថា ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ នៅក្នុងរាជធានីភ្នំពេញយើងមានបញ្ហាធំៗចំនួន៣ គឺបញ្ហាស្ទះចរាចរណ៍ លូ និងបញ្ហាសំរាម ដែលបញ្ហាទំាងនេះអាជ្ញាធរជំរុញការពន្លឿនដោះស្រាយជាអាទិភាពមុនគេ ដើម្បីធានាឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភណភាព បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក សុខ ភី ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបាន ចាត់ទុកថា ការដោះស្រាយរាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅពេលនេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា វេទិកាសាធារណៈ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញនេះ ពិតជាមានសារៈសំខាន់ណាស់ដែលទទួលបានព័ត៌មាននិងតម្រូវការថ្មីៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរចាត់វិធានការណ៍ដោះស្រាយឱ្យចំទិសដៅជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា វេទិកាសាធារណៈនេះ នឹងបន្តរៀបចំនៅតាមបណ្តាខណ្ឌនានាទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ និងផ្តល់ប្រឹក្សាអាទិភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងវេទិកាសាធារណៈ នៅខណ្ឌឫស្សីកែវនេះ មានប្រជាពលរដ្ឋនិងមន្ត្រីចូលរួមប្រមាណ ៥៤០នាក់ ក្នុងនោះអ្នកលើកជាសំណើរ និងសំណួរផ្ទាល់មាត់មានចំនួន១៣នាក់ និងជាលាយលក្ខណ៍អក្សរមានចំនួន ៩០នាក់ ៕

ដោយសួស សំរិត