អភិបាលខេត្តបន្ទាយមានជ័យអំពាវនាវប្រជាពលរដ្ឋបន្តរួមគ្នាថែរក្សាការពារ​សុខ​សន្តិភាព

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែតុលា ​ឆ្នាំ២០១៩ –អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ឱ្យ​ បន្តរួមគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​ថែរក្សាការពារសុខសន្តិភាពឱ្យគង់វង្សសំដៅជំរុញល្បឿនការ​អភិ វឌ្ឍប្រទេសជាតិឱ្យ កាន់តែរីកចម្រើនថែមទៀតនោះ។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារចុះចែកអំណោយ​ដល់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតក្នុងជីវភាពដោយសារតែគ្រោះធម្មជាតិចំនួន ២០០ គ្រួសារ ក្នុងស្រុកមង្គលបូរីនារសៀលថ្ងៃព្រហស្បតិ៍ ​១១រោច​ ​ខែអស្សុជ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស.​២៥៦៣​​ត្រូវនឹងថ្ងៃទី២៤ ខែតុលា​ ​ឆ្នាំ២០១៩​ ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ។ ​​

​ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព រក្សាបានសុវត្ថិភាពសន្តិសុខសង្គមដែលជាកត្តាដ៏សំខាន់ណាស់បានជំរុញឱ្យប្រទេសជាតិមានការអភិវឌ្ឍយ៉ាងលឿនលើគ្រប់វិស័យ។​

ឯកឧត្តមបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល ជានិច្ចកាលតែងតែនៅជាមួយបងប្អូនប្រជា ពលរដ្ឋចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាជូនដល់ប្រជាពលរដ្ឋយើងទាំង​អស់ ដែលមានជួបបញ្ហាលំបាកដោយប្រការផ្សេងៗនៅគ្រប់ទីកន្លែងដោយមិនរើសអើងប្រកាន់ពូជសាសន៍​ និន្នាការនយោបាយអ្វីឡើយ។

ជាមួយនេះដែរឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋយើង គប្បីត្រូវយកចិត្តទុកដាក់ក្នុងការរស់នៅ ត្រូវមានអនាម័យស្អាត ដើម្បីមានសុខ ភាពល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ក្នុងការជំរុញការដាំដុះដំណាំកសិកម្ម និងប្រកបរបរ​ផ្សេង ៗទៀតទៅតាមលទ្ធភាពគ្រួសារដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ ឱ្យមានភាពប្រសើរឡើង ព្រោះអំណោយដែលទទួលបាននៅពេលនេះ វាគ្រាន់តែជាចំណែកមួយក្នុងការជួយសម្រួល ភាពខ្វះខាតបានមួយរយៈខ្លីតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា អំណោយដែលយកទៅចែកជូននេះក្នុងមួយគ្រួសារៗ ​ទទួល​បាន​ ​អង្ករ​ ​២៥គីឡូក្រាម​,​ទឹកត្រី ១យួ, ​ទឹ​កស៊ីអ៊ីវ ១យួ, ​ប្រេងឆា​ ១លីត្រ,​ ​មី​ ​១កេស​,​មុង​១​, ​ភួយ១, ​កន្ទេល ១,​ ​និងថវិកា​ ​២ម៉ឺន​រៀល​ថែមទៀតផង ​៕ ដោយ ឈុន សារ៉ាត