​អាល្លឺម៉ង់ ប្រកាសគាំទ្រកម្ពុជា ក្នុងការជំរុញឱ្យសហភាពអឺរ៉ុប រក្សា EBA ដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំនៅកម្ពុជា បានបង្ហាញជំហរគាំទ្រ ដល់កម្ពុជា ក្នុងការតតាំងជាមួយសហភាពអឺរ៉ុបទាក់ទិននឹងបញ្ហា EBA ខណៈដែល​មាន​បណ្ដាប្រទេសជាច្រើន ចេញមុខគាំទ្រ ជំរុញឱ្យសភាពអឺរ៉ុបរក្សាប្រព័ន្ធអនុគ្រោះពន្ធលើមុខ​ទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ដល់កម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីជំនួបពិភាក្សាការងារ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតថ្មីរបស់សហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា កាលពីព្រឹក​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការបរទេស ឯកឧត្តម កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេសបានគូសបញ្ជាក់ថា ឯកឧត្តម Christian Berger បានបង្ហាញ​នូវ​ឆន្ទៈ​យ៉ាងមុតមាំ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរអាល្លឺម៉ង និង​កម្ពុជា​កាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ ភាគីទាំងពីរ បាន​លើក​ឡើងពីបញ្ហា EBA ដែលកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញថា EBA គឺជារឿងសំខាន់​រវាងកម្ពុជា-សហភាពអឺរ៉ុប ក៏ដូចជាប្រទេសនៅក្នុងសហភាពអឺរ៉ុប។ ឯកឧត្ដមបន្ដថា ភាគីកម្ពុជា-អាល្លឺម៉ង់ ក៏បានឯកភាពគ្នាធ្វើយ៉ាងណាជំរុញឱ្យបញ្ហា EBA នេះឱ្យមានលក្ខណៈជឿនលឿនទៅមុខ និងទទួលបានលទ្ធផលវិជ្ជមាន។

ឯកឧត្ដមបានរម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ច នៅ​បណ្ដាប្រទេសមួយចំនួន កាលពីពេលកន្លងមក គឺមានប្រទេសជាច្រើន បានបង្ហាញឆន្ទៈគាំទ្រ​ឱ្យ​សហភាពអឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ដល់កម្ពុជាដដែល ព្រោះប្រទេសទាំងនោះយល់ថា នេះជារឿងសំខាន់ សម្រាប់ជា​ប្រយោជន៍​ដល់ កម្មករ កម្មការិនីនៅកម្ពុជា។

ឯកឧត្ដម កុយ គួង បានលើកឡើងថា ពាក់ព័ន្ធនឹងពាណិជ្ជកម្ម កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់ មានជាង១.២០០លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជា​នាំចេញទៅអាល្លឺម៉ង់​ជាង១.០០០លានដុល្លារ និងអាល្លឺម៉ង់នាំចូលមកម្ពុជាមានជាង​១០០​លានដុល្លារ។ ដោយឡែក សម្រាប់រយៈពេល៦ខែ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ មានចំនួនប្រមាណជា៥៥០លានដុល្លារ។ ក្នុងចំណោមប្រទេសទាំង ២៨ នៅក្នុង សហភាពអឺរ៉ុបគឺទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ បន្ទាប់មកចក្រភព អង់គ្លេស និងបារាំង៕

ដោយ រិទ្ធី