ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មី៖ មកធ្វើការនៅកម្ពុជាគឺដើម្បីគាំទ្រកម្ពុជា  និងធ្វើជាដៃគូដ៏សំខាន់​ស​ម្រា​​​ប់​បង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋ​ទូ​ត​អា​ម៉េ​រិ​ក​ថ្មី​ប្រចាំកម្ពុជា បានអះអាងថា ឯកឧត្តមមកធ្វើការនៅកម្ពុជា គឺដើម្បីគាំទ្រកម្ពុជា និង​ធ្វើ​ជា​ដៃ​គូ​​ដ៏សំ​ខាន់សម្រាប់បង្កើត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា​និង​អាម៉េរិក​ឱ្យ​កា​ន់​តែ​ល្អថែមទៀត។

ការបញ្ជាក់អះអាងរបស់ឯកអគ្គ​រដ្ឋ​ទូ​ត​អា​ម៉េ​រិ​ក​ថ្មី​នេះ បានលើកឡើងនៅក្នុងជំនួបជា មួយឯកឧត្ត​ម ឧបនា​យ​ករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ បត្តិការអ​ន្តរ​ជាតិ ​នៅ​ព្រឹ​ក​ថ្ងៃ​​ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីកា​រក្រសួ​ងកា​រ​ប​រ​ទេ​ស។

ឯកឧត្តម កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសបា​ន​ធ្វើ​ស​ន្និសីទសារព័ត៌មាន ស្តីពីជំនួបនេះ ដោយបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពាក់​ព័ន្ធ​ទៅនឹងជំហររបស់សហរដ្ឋអាមេរិកវិញ ឯកឧត្តម Patrick Murphy បាន​បញ្ជា​ក់​ច្បា​ស់​ណា​ស់​​ថា សហរដ្ឋអាមរិក គ្មានគោលនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រ​ទេស​ណា​មួ​យ​នោះទេ គឺជំហរសហរដ្ឋអាមេរិក ជាពិសេសមានរូបឯកឧត្តមជាតំណាង ជាឯកអ​គ្គរ​ដ្ឋទូ​តស​ហ​​រដ្ឋអាមេរិកប្រចាំនៅកម្ពុជា មានជំហរសំខាន់ គឺដើម្បីគាំទ្រឬ​ជាដៃគូ​ដ៏សំខា​ន់រ​បស់​ប្រទេ​ស​ក​ម្ពុជា។

មន្ត្រីអ្នកនាំពាក្សរូបនេះបានឱ្យដឹងបន្ថែមថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បា​ន​សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការអបអរសាទរ ដែលឯកឧត្តម Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំកម្ពុជា។

ប្រមុខការទូតខ្មែរបញ្ជាក់ថា ឯកឧត្តម Patrick Murphy ធ្លាប់ជាឥស្សរជនជាន់ខ្ពស់ នៃក្រ​សួង​កា​របរទេសអាម៉េរិក, ឯកឧត្តមធ្លាប់ជាឧបការីរងរដ្ឋមន្ត្រីការបរទេស ដូច្នេះការតែ​ង​តាំ​ងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការបរទេសអាម៉េរិកឱ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅ​កម្ពុ​ជានេះ ក៏បានបង្ហាញពីសុ ឆន្ទៈ របស់សហរដ្ឋអាមេរិក ដែលចង់ឱ្យមានការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ឯកឧត្តម Patrick Murphy និងលោកជំទាវ បានមកដល់ប្រទេសកម្ពុជា កាល​ពីរា​ត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯក​អគ្គ​រដ្ឋ​ទូ​ត​អា​ម៉េរិកប្រចាំនៅកម្ពុជា ផុតអាណត្តិ ឯកឧត្តម William A. Heidt។

តាមសេ​ចក្តី​ប្រកា​ស​រ​ប​ស់​ស្ថា​នទូតអាម៉េរិក ឯកឧត្តម Murphy បានចាប់​ផ្តើមកា​រងា​រនៅ​ថ្ងៃដំ​បូ​ង​​រ​បស់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានការសែនព្រេន នៅផ្ទះអ្ន​កតា​ក្នុ​ង​ស្ថា​នទូតផងដែរ៕

ដោយ គង់ សិរីរ័ត្ន ( រូបភាព៖ ខឹម សុវណ្ណារ៉ា)