អភិបាលខេត្តកំពង់ចាម៖  យើងរួមគ្នាផ្លាស់ប្តូនូវឥរិយាបថអវិជ្ជមានក្នុងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនប្រកបដោយប្រសិទ្ធភាព

AKP កំពង់ចាម ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ — គ្រប់មន្រ្ដីសេវាសាធារណៈទាំងអស់ យើងរួមគ្នាផ្លាស់ប្តូនូវឥរិយាបថអវិជ្ជមានក្នុងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនប្រកបដោយប្រសិទ្ធភាពការងារ បំបាត់នូវ អំពើពុករលួយ និងការិយាល័យនិយម ដើម្បីកសាងជំនឿជឿជាក់ របស់ប្រជាពលរដ្ឋ មកលើអ្នកដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ក្នុងពិធីបើកសន្និបាត អាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់  ក្នុងខេត្តកំពង់ចាម។

ពិធីនេះស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ និង មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀតផង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា  គ្រប់មន្រ្ដីទាំងអស់យើងរួមគ្នាផ្លាស់ប្ដូរឥរិយាបថក្នុងការផ្ដល់សេវាសាធារណៈ ជូនដល់ប្រជា ពលរដ្ឋដោយបង្កើននូវប្រសិទ្ធភាពការងារ បំបាត់អំពើពុករលួយ ការិយាល័យនិយម ដើម្បីកសាងជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើអ្នកដឹកនាំរបស់យើង គ្រប់លំដាប់ថ្នាក់ និងស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ថា សេវាសា ធារណៈត្រូវធ្វើឱ្យលឿន រហ័សប្រកបដោយតម្លាភាពនិង គណនេយ្យភាពនិងមានប្រសិទ្ធភាព និងលុបបំបាត់នូវអំពើពុករលួយគ្រប់រូបភាពទាំងអស់។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានលើកឡើងថា  សន្និបាត សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់  អាណត្តិទី៣ នេះបានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបង្កើតឱ្យមានអង្គការមួយដែលតំណាង និងការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ច តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា កំណែទម្រង់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងបង្កើតឡើងនូវវប្បធម៌ ប្រជាធិតេយ្យនៅមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ ការលើក កម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលឆ្លើយតបនឹងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅលើកស្ទួយគុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋ និងចូលរួម កាត់បន្ថយភាពក្រីក្រដោយប្រសិទ្ធភាព។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន បន្តផ្តល់អាទិភាពដល់ការអនុវត្តកំណែទម្រង់នេះ កាន់តែស៊ីជម្រៅដោយផ្តោតលើកិច្ចការ​សំខាន់ៗ​ចំនួន៥ រួមមាន៖ ១. ពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់, ២. ពង្រឹង​គណនេយ្យភាព​តាមបែបប្រជាធិបតេយ្យ, ៣. ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស, ៤. ពង្រឹងការផ្តល់​សេវា​សាធារណៈ និងផ្ទេរមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ៥. ពង្រឹង​វិមជ្ឈការ​ហិរញ្ញវត្ថុ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគម​ ជាក់ស្តែងក្នុងរយៈកាល ៥ ឆ្នាំកន្លងមក ដោយនាំមក​នូវសមិទ្ធផលជាច្រើនជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកឡើងថា សន្និបាតនេះមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់សមាគម ដែលត្រូវមានប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សា និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់លោក លោកស្រី ជា​ប្រតិភូ​របស់​​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ចូលរួមក្នុងមហាសន្និបាតនេះ មេត្តា​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​ចូលរួម​ពិភាក្សា និង​អនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​នេះក្នុងបំណង​បង្កើន​​ការ​យល់​ដឹងឱ្យកាន់តែស៊ី​ជម្រៅ​អំពី​តួនាទី ភារកិច្ច គោលបំណង និងដំណើរការ​របស់​សមាគមក្នុងការការពារផល​ប្រយោជន៍​របស់ក្រុម​ប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់៕

ដោយ ឆាយ ម៉ុត