រដ្ឋាភិបាលចិន ផ្ដល់អាហារូបករណ៍ដល់ប្រទេសអាស៊ាន ខណៈកម្ពុជាទទួលបាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត 

AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ — សម្រាប់ឆ្នាំ២០១៩នេះ គឺជាឆ្នាំលើកដំបូងដែលរដ្ឋាភិបាលចិនបានប្រកាសផ្ដល់​អាហារូប​ករណ៍​​ជាច្រើនកន្លែងដល់សិស្ស និសិ្សតមកពីបណ្ដាប្រទេសអាស៊ាន ក្នុងនោះ កម្ពុជា​ទទួល​បានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដើម្បីពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំថែមទៀត។ ក្នុងពិធីប្រកាសបើកជាផ្លូវការកម្មវិធីផ្ដល់ថ្នាក់អាហារូបករណ៍ជូនដល់អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅសាកលវិទ្យាល័យ Peking University ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កញ្ញា ស៊ីវ ជូ បច្ចុប្បន្នជាមន្រ្ដីរាជការមកពីទីស្ដីការគណៈរដ្ឋមន្រ្ដី និងជានិស្សិតជាប់អាហារូប​ករណ៍ផ្នែកទំនាក់ទំនងអន្ដរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យ Peking University នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានឱ្យ​​ដឹង​ថា​ ការជាប់អាហារូប​ករណ៍មកសិក្សានៅប្រទេសចិន​នេះ ដោយសារតែការដឹងព័ត៌មាន និងការដាក់ពាក្យស្នើសុំអាហារូបករណ៍​តាមរយៈ​ក្រសួង​អប់រំយុវជន និងកីឡា។ កញ្ញាបន្ដថា ការជ្រើសរើសមុខវិជ្ជាទំនាក់ទំនងអន្ដរជាតិនេះ ដោយមើលឃើញថា គឺពិតជាមានសារៈ​សំខាន់​ក្នុងការប្រា​ស្រ័យទាក់ទងទៅកាន់បណ្ដាប្រទេសផ្សេងៗ រវាងកម្ពុជា និងអន្ដរជាតិ។ កញ្ញាបន្ដទៀតថា​ អាហារូបករណ៍នេះគឺបានផ្ដល់ដោយ​រដ្ឋា​ភិបាលចិន ដែលផ្ដល់ជូននិស្សិត​មករៀននៅទីនេះ ទាំងការស្នាក់នៅ ការហូបចុក រួមទាំងថ្លៃ​សិក្សា​គឺបានផ្ដល់ឱ្យនិស្សិត​ទាំងអស់។ កញ្ញាបន្ថែមថា ការសិក្សានៅទីនេះ គឺមិនមែន​ជាការ​ងាយស្រួលនោះទេ គឺតែងតែ​ជួបការលំបាកក្នុងការសិក្សា ការស្រាវជ្រាវមុខវិជ្ជាពាក់ព័ន្ធ តែបញ្ហានេះ និស្សិតខ្លួនឯង​ត្រូវតែ​ខិតខំតស៊ូ ព្យាយាម ដើម្បីទទួលបានជោគជ័យ។ កញ្ញាបាន​ឱ្យដឹងទៀតថា ការសិក្សានៅ​ប្រទេសចិននេះ គឺមាននិស្សិតមកពីចម្រុះជាតិសាសន៍ ដូចជាប្រទេស​អាស៊ាន អាហ្វ្រិក និងអឺរ៉ុប ដែលរដ្ឋាភិបាលចិន បានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតទាំងអស់នោះ។

កញ្ញា ស៊ីវ ជូ បានបញ្ជាក់បន្ថែមថា “ក្រៅពីចំណេះដឹង ខ្ញុំក៏ត្រូវមានការយល់ដឹងពី​វប្បធម៌​​ផ្សេងៗ ទាក់ទងនឹងការរស់នៅ និងវប្បធម៌របស់ចិនក៏ដូចជាវប្បធម៌របស់​ប្រទេស​ផ្សេងៗទៀត ជាពិសេសពេលត្រឡប់ទៅកម្ពុជាវិញ នឹងកាន់តែយល់ច្បាស់ថែមទៀត ដើម្បី​ពង្រឹងទំនាក់ទំនងអន្ដរជាតិជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកឱ្យកាន់​តែល្អ​ប្រសើរ​ថែមទៀត”។ កញ្ញាបានចាត់ទុកថា ​ការផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលចិន ដល់​បណ្ដាប្រទេសអាស៊ាននេះ គឺជាការផ្ដល់នូវឱកាសមួយសម្រាប់និស្សិត នៅក្នុងបណ្ដា​ប្រទេស​អាស៊ានសម្រាប់បន្ដការសិក្សា ដើម្បីលើកកម្ពស់ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន ព្រមទាំងរដ្ឋាភិបាលអាស៊ាន និងចិនឱ្យកាន់តែរឹងមាំផងដែរ។

ចំណែក លោក ងិន ង៉ែត ជានិស្សិតជាប់អាហារូបករណ៍ផ្នែកមុខវិជ្ជាអប់រំ សម្រាប់​សិក្សាថ្នាក់​បណ្ឌិត នៅសាកលវិទ្យាល័យ Peking University នៅក្នុងទីក្រុងប៉េកាំង ប្រទេស​ចិន និងក៏ជា​មន្រ្ដីរាជការមកពីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ឱ្យដឹងថា ការទទួល​បានអាហារូបករណ៍​នេះគឺជាប្រភេទអាហារូបករណ៍លំដាប់ខ្ពស់ និងដំបូងបំផុតរបស់​រដ្ឋាភិ​បាលចិន ដែលផ្ដល់​ជូនដល់សិស្ស និស្សិតក្នុងប្រទេសអាស៊ាន ដើម្បីទទួលបាននូវ​អត្ថប្រយោជន៍​ច្រើន ក្នុងការ​ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ឱ្យកាន់តែទូលំទូលាយ។ លោកបានបន្ដថា អាហារូបករណ៍នេះ ពិតជាមានសារៈ​សំខាន់​ក្នុង​ការបង្កើននូវចំណេះដឹង បទ​ពិសោធន៍​ពីមិត្ដចិន ជាពិសេសវប្បធម៌ ប្រពៃណីរបស់ចិន​ក្នុង​ការផ្សារភ្ជាប់ទំនាក់ទំនងជា​មួយប្រទេសអាស៊ាន និងបណ្ដាប្រទេសផ្សេងទៀត។

លោកបានបង្ហាញការប្ដេជ្ញាចិត្ដថា ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសចិន នឹងនាំ​យកនូវ​ចំណេះ​ដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាននៅទីនេះ យកទៅធ្វើការ​ចែក​រំលែក និងបណ្ដុះ​បណ្ដាលបន្ដដល់សិស្ស និស្សិត​កម្ពុជា ជាពិសេសលើកកម្ពស់​ទំនាក់​ទំនង​រវាងកម្ពុជា-ចិន​ឱ្យកាន់តែទូលំទូលាយថែមទៀត។

លោក Qiu  Shuiping ប្រធានក្រុមប្រឹក្សាភិបាលនៃ​សាកល​វិទ្យាល័យ Peking University បានលើកឡើងថា អាហារូបករណ៍សម្រាប់ផ្ដល់ជូនដល់សិស្ស និស្សិតមកពីបណ្ដា​ប្រទេសអាស៊ាននេះ គឺជាការតភ្ជាប់នូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិនតាមរយៈគម្រោងផ្លូវមួយ ខែ្សក្រវាត់មួយរបស់រដ្ឋាភិបាលចិន ដើម្បីពង្រឹងការផ្លាស់​ប្ដូរ​រវាងប្រជាជន និងប្រជាជន វប្បធម៌ និងវប្បធម៌ ជាពិសេសលើកកម្ពស់កិច្ច​សហប្រតិ​បត្តិការ​ឱ្យកាន់តែប្រសើរឡើងថែមទៀតរវាងចិន និងអាស៊ាន។ លោកបានបន្ដថា សាកលវិទ្យាល័យ Peking University បានទទួលយកសិស្ស មកសិក្សាមកពីប្រទេសអាស៊ាន និងបណ្ដា​ប្រទេសផ្សេងៗទៀត ក្នុងនោះក៏បានធ្វើការសហការយ៉ាងជិតសិ្នទ្ធជាមួយបណ្ដាប្រទេសជារដ្ឋ​សមាជិក​អាស៊ាន ដែលមានកម្មវិធីផ្ដល់អាហារូបករណ៍ដល់សិស្ស និសិ្សតមកពីបណ្ដា​ប្រទេសអាស៊ាន ហើយគិតមកដល់ពេលនេះ មានសិស្ស និស្សិតបានមកសិក្សានៅ​សាកល​វិទ្យា​ល័យមាន​ប្រមាណ​ជិត២០០នាក់រួមទាំងពេលមុន និងបច្ចប្បន្នមកពីបណ្ដាប្រទេស​អាស៊ាន។

លោកស្រី Mao Ning អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការអាស៊ាន ក្រសួង ការបរទេសចិន បានគូសបញ្ជាក់ថា​ ចិន និងអាស៊ានគឺជាដៃគូសហប្រតិបត្តិការយ៉ាងជិត​ស្និទ្ធក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអប់រំ និងពង្រឹងការបណ្ដុះ​បណ្ដាល​​ធនធានមនុស្ស ជាពិសេសការផ្ដល់អាហារូបករណ៍សម្រាប់អ្នកដឹកនាំវ័យ​ក្មេងមកពីប្រទេស​អាស៊ានគឺជាឱកាសមួយ និងជាស្ពានក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចិន និងប្រទេសជារដ្ឋ​សមាជិក​អាស៊ាន។ លោកស្រីបានបន្ថែមថា​ ការផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលចិនដល់​ប្រទេសអាស៊ាននេះ គឺជាការចូលរួមគាំទ្រមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ និងសង្គម ព្រមទាំងជួយលើកកម្ពស់ជំនាញដល់ការរីកចម្រើននៅក្នុងប្រទេសអាស៊ាន។ លោកស្រីបាន​​អះអាងថា តាមរយៈការផ្ដល់អាហារូបករណ៍នេះ ក៏ជាគម្រោងខ្សែក្រវាត់ និងផ្លូវដែលរដ្ឋាភិ​បាលចិនបានដាក់ចេញក្នុងគោលដៅពង្រីក និងលើកកម្ពស់ភាពជាដៃគូដែលមានប្រយោជន៍​ទៅវិញទៅមក កិច្ចសហប្រតិបត្ដិការ និងវិបុលភាពរួមគ្នាជាមួយបណ្ដាប្រទេសអាស៊ាន និង​​បណ្ដាប្រទេសនៅតាមខ្សែក្រវាត់ និងផ្លូវ ដើម្បីតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធរូបវន្ដ ស្ថាប័ន និង​​ប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្ដិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗដទៃទៀត ទាំង​ពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្ដម Kong Phoak អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាស៊ាន បានមាន​ប្រសាសន៍សម្ដែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលចិន ដែលបានផ្ដល់អាហារូបករណ៍​ដល់​សិស្ស និសិ្សតមកពីបណ្ដាប្រទេសអាស៊ានក្នុងការជួយបណ្ដុះបណ្ដាល ការអប់រំ សម្រាប់ជំរុញ​ឱ្យ​អាស៊ាន-ចិនក្លាយទៅជាដៃគូសន្ទនា និងផ្លាស់ប្ដូរការសិក្សា រៀនសូត្រពីគ្នាទៅវិញ​ទៅមក​ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្ដមបានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់​អ្នកដឹកនាំវ័យក្មេងក្នុងប្រទេសអាស៊ាននេះគឺជាការផ្ដល់ឱកាសមួយបន្ថែមទៀត ក្នុងការទទួល​បាននូវចំណេះដឹង ក៏ដូចជាជំនាញ សម្រាប់ការប្រកួតប្រជែង​យ៉ាងឆាប់​រហ័ស​ផ្នែកបច្ចេក​វិទ្យាថ្មីៗ ដើម្បីរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស និងពង្រឹងគុណភាពអប់រំដល់​បណ្ដា​ប្រទេសអាស៊ាន៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង ​