សម្ដេចក្រឡាហោម ស ខេង ដាក់បទបញ្ជាឱ្យមានការបង្រ្កាបទីតាំងក្លឹបកម្សាន្តសប្បាយ​តូចៗ​ដែលមានបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩​ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បាន​ដាក់បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្រ្កាបទីតាំងក្លឹបកម្សាន្តសប្បាយតូចៗ ដែលមាន​បង្គប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខណៈដែលក្លឹបកម្សាន្តធំៗត្រូវបានសមត្ថកិច្ច​ចាត់វិធានការបានយ៉ាងមានប្រសិទ្ធភាពពាក់ព័ន្ធនឹងជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាល​ពីពេល​កន្លងទៅនេះ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិ(២០១៩-២០២៣) ស្ដីពីការប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នាទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ​ក្លឹបកម្សាន្តធំៗ​ដែលប្រជាជនជាទូទៅបានដឹង បានជ្រាប និងតែងតែលើកឡើងនូវសំណូមពរនោះ នៅពេល​នេះ​សមត្ថកិច្ច រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានធ្វើរឿងនេះបានទទួលជោគជ័យមួយកម្រិត​ធំរួចមកហើយ។ សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា សមត្ថកិច្ចនឹងបន្តធ្វើការបង្រ្កាបរាល់​ក្លឹបកម្សាន្តតូចៗនៅរាជធានីភ្នំពេញនេះ បន្តទៀតដោយត្រូវធ្វើយ៉ាងណាសម្រេចឱ្យបាននូវ​គោល​ការណ៍ដែលបានដាក់ចេញ គឺដាច់ឆ្នាំ២០១៩ មិនត្រូវឲ្យមានការចែកចាយគ្រឿង​ញៀននេះនៅតាមក្លឹបកម្សាន្តនានានៅទូទាំងប្រទេស។ សម្ដេចក្រឡាហោមបានអះអាងថា ប្រសិនបើករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមិនត្រូវបានចាត់វិធានការ និងធ្វើការអនុវត្ត​ច្បាប់ឱ្យបានតឹងរ៉ឹងទេនោះ បញ្ហានេះនឹងរីករាលដាលដល់ទីជនបទ ហើយវានឹងធ្វើឱ្យប៉ះពាល់​ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមដែលយើងទាំងអស់គ្នាគឺជាអ្នកទទួលខុសត្រូវ។

សម្តេចក្រឡាហោមបានបន្តថា នៅពេលដែលសមត្ថកិច្ចធ្វើការបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ មានប្រសិទ្ធភាព វានឹងបង្ការមិនឱ្យមានការកើតឡើងបទល្មើស ក៏ដូចជាការពារស្រទាប់យុវជនរបស់យើងដែលអាចនឹងភាន់ច្រឡំទៅតាមការអូសទាញដើម្បីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ក៏ដូចជាទប់ស្កាត់កុំឱ្យបញ្ហានេះរីករាល​ដាលដល់ទី​ជន​បទផងដែរ៕

ដោយ ចាន់ សុធីវង្ស