រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ដំណើរវិលចូលស្រុកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅពេលនេះគឺមកដើម្បីបំផ្លាញសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ផែនការវិលចូលស្រុកវិញរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ​នេះគឺ​ដើម្បីមកបំផ្លាញសន្តិភាពដែលកម្ពុជាកំពុងមានដូច្នេះហើយបានជាសមត្ថកិច្ចចាត់វិធានការគ្រប់បែបយ៉ាងទប់ស្កាត់សកម្មភាពវិលចូលស្រុកវិញរបស់ទណ្ឌិតរូបនេះ។ ការលើកឡើងរបស់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជារូបនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមអ្នកសារព័ត៌មានបាន​ចោទជា​សំណួរ​ថាតើហេតុអ្វីសមត្ថកិច្ចមិនបើកឱ្យទណ្ឌិត សម រង្ស៊ី និងបក្ខពួក វិលចូលស្រុក​ហើយ​ចាប់​ខ្លួន បែរជាប្រើប្រាស់មធ្យោបាយទប់ស្កាត់មិនឱ្យចូលស្រុក​តាមរយៈកិច្ចសហការជា​មួយ​ប្រទេសជិតខាង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្តេចក្រឡា​ហោម ស ខេង បានសង្កត់ធ្ងន់ថា ផែនការវិលចូលស្រុកវិញ របស់ទណ្ឌិតរូបនេះ គឺវាខុសគ្នាពី​ឆ្នាំ​២០១៣ ដែលអាជ្ញាធរកម្ពុជាអនុញ្ញាតឱ្យចូលស្រុកវិញ​បន្ទាប់ពីទណ្ឌិតរូបនេះ បានទទួល​ការ​លើកលែងទោស និងមកចូលរួមការបោះឆ្នោតតាមបែប​ប្រជា​ធិបតេយ្យ។ ដោយឡែកសម្រាប់​ឆ្នាំ២០១៩នេះ គឺវាខុសគ្នាស្រឡះកាលពីឆ្នាំ២០១៣ ដែលទណ្ឌិតរូបនេះវិលចូលស្រុកវិញ។ សម្តេចក្រឡាហោមបានបន្ដថា ទណ្ឌិតរូបនេះគឺមក​ដើម្បីបំផ្លាញ​សន្តិភាព ហើយដែលសន្តិ​ភាពគឺយើងមានហើយនៅពេលបច្ចុប្បន្ននេះ។ សម្តេច​ក្រឡាហោមបានចោទជាសំណួរទៅវិញ តើយើងចង់បានសន្តិភាពដែលយើងមានក្នុងពេល​បច្ចុប្បន្ននេះតែប៉ុននេះ ឬក៏យើងចង់​បំផ្លាញ​សន្តិភាព ហើយអ្នកណាក៏ដោយដែលធ្វើឱ្យ​ប៉ះពាល់ សន្តិសុខ និងសន្តិភាព ស្ថិរភាព​នៃរដ្ឋ​គឺយើងត្រូវតែចាត់វិធានការ។

សូមជម្រាបជូនថា ក្រោមកិច្ចសហការជាមួយប្រទេសជិតខាង សមត្ថកិច្ចថៃបានធ្វើការ​ហាម​​ឃាត់បក្ខពួករបស់ទណ្ឌិត សម រង្ស៊ី ដែលក្នុងនោះ គឺមានលោកស្រី មួរ សុខហួ មិនឱ្យឆ្លងដែនចូលទឹកដីថៃ ដើម្បីប្រើប្រាស់ប្រទេសនេះគឺជាកន្លែងប្រមូលផ្តុំកម្លាំងដើម្បី​វិល​ចូលកម្ពុជាក្នុងគោលដៅធ្វើរដ្ឋប្រហារ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានត្រៀមកម្លាំងផងដែរ ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមទណ្ឌិត សម រង្ស៊ី ប្រសិនបើអ្នកទាំងនោះជាន់ដី​កម្ពុជា​នៅថ្ងៃទី០៩ វិច្ឆិកាខាងមុខនេះ ខណៈដែលសមត្ថកិច្ចមានដីកាចាប់ខ្លួនរួចទៅហើយនោះ៕

ដោយ ចាន់ សុធីវង្ស