ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ –ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច​ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកទី៤ នីតិកាលទី៤ របស់ខ្លួនក្រោមអធិបតីភាពឯកឧត្តម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភាចំនួន ៥៨រូប។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា សម័យប្រជុំលើកទី៤នេះ បានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍គណៈកម្មាធិការ      អចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ដែលក្នុងរយៈពេលបីខែនេះព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ចំនួន ០៤លើក និងប្រជុំវិសាមញ្ញចំនួន ០២លើក ដោយពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ០៥ច្បាប់។ ក្នុងនោះដែរព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៦ករណី ប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន១០លើក ចុះបេសកកម្មក្នុងប្រទេសចំនួន ១០លើកបំពេញបេសកកម្មក្រៅប្រទេសចំនួន ០៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន ១៧៦លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន ៣៥០លើក ព្រមទាំងចុះមូលដ្ឋានរៀងៗខ្លួនចំនួន ១៩១លើក។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈចំនួន ៣លើក នៅខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងជីកអណ្តូងទឹកស្អាត ជីកស្រះទឹក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ប៉ៃលិន បាត់ដំបងនិងខេត្តបន្ទាយមានជ័យ ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗទៀតផង។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤នេះដែរ ថ្នាក់ដឹកនាំគណៈ   កម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃផងដែរ៕

ដោយប៉ាល់ សុង