អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំបង្កើតគណៈកម្មការរៀបចំពិធីអុំទូកផ្កាចារនៅអាងទឹកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ –នៅសាលាខេត្តព្រះសីហនុរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបង្កើតគណៈកម្មការរៀបចំពិធីបណ្យអុំទូកផ្កាចារនៅអាងទឹកព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ  ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៤  ខែតុលា ឆ្នាំ២០១៩នេះ ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ដើម្បីឱ្យពិធីអុំទូកផ្កាចារសម្រេចបានតាមផែនការ អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ពន្ធនានា ត្រូវបំផុសដល់មូលដ្ឋានដែលមានទូកឱ្យចូលរួមប្រឡងប្រណាំងឱ្យបានច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ។ ចលនាដល់មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអង្គភាពបោះទីតាំងក្នុងខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស ក្រុមហ៊ុនចូលរួមជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ទូកនីមួយៗដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងបរិវេណ នៃពិធីប្រណាំងទូកផ្កាចារ ។ ផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ ។

សូមរម្លឹកថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តព្រះសីហនុ តែងតែរៀបចំពីធីប្រណាំងទូកផ្កាចារ នៅអាងទឹកព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បិបង្កើតបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលពលរដ្ឋ ៕

ដោយ ងូ សុមុនី