មន្រ្តីជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍ថា កម្ពុជាកំពុងតែរក​វិធី​សាស្រ្ត​ធ្វើឱ្យភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប​មាន​ការ​កើនឡើងវិញ

AKPសៀមរាប ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ –នៅក្នុងឱកាសដឹកនាំក្បួនរថយន្តធ្វើដំណើរកម្សាន្ត ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅប្រទេសថៃដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួន កាលរសៀពុធ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯក​ឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍បាន​ថ្លែង​ប្រាប់អ្នកសារព័ត៌មានថា ដើម្បីទាក់ទាញ​ភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប​មាន​ការកើនឡើងវិញនោះ អន្តរក្រសួងបាន​​រៀបចំផែនការអភិ   វឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត ការបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន។ នៅពេលនេះក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប និងក្រុមប្រតិបត្តិករទេសចរ បានរៀបចំកម្មវិធីធ្វើដំណើរកម្សាន្តផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅប្រទេសថៃ ដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជាច្រើនគ្រឿងទៅកាន់ខេត្តចំនួន៣របស់ថៃ ក្នុងគោលដៅពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសការបង្ហាញ​ឱ្យភ្ញៀវទេសចរថៃដែលចូលចិត្តធ្វើដំណើរកម្សាន្ត​ដោយ​ប្រើប្រាស់រថ​យន្ត​ផ្ទាល់ខ្លួនថា អាច​មក​ទស្សនាកម្ពុជាបាន​ដោយ​ងាយ​ស្រួល គឺគ្មាន​របាំងអ្វីឡើយ។

ឯកឧត្តម ហោ សារុន បានបន្តថា កន្លងមកក្រសួងទេសចរណ៍បាន​ធ្វើកម្មវិធីបែបនេះច្រើនហើយ ប៉ុន្តែធ្វើក្នុងកម្រិតថ្នាក់ជាតិ តែពេលនេះយើងធ្វើក្នុងកម្រិតខេត្តនិងខេត្តនៅជាប់ព្រំដែន ហើយសកម្មភាពនេះ នឹងធ្វើឱ្យទំនាក់ទំនងលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសខេត្តនៅជាប់ព្រំដែនកាន់តែល្អប្រសើរ។

លោក ហ៊្វីលិប កៅ ប្រធាន​សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប​ បានមាន​ប្រសាសន៍ថា ជាលើកទី១ហើយសម្រាប់កម្មវិធីបែបនេះ ហើយ​ក្នុងដំណើរកម្សាន្តនេះគឺបានទៅកាន់ខេត្តចំនួន៣របស់ប្រទេសថៃ ក្រសួងទេសចរណ៍និងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប នឹងនាំយកសក្តានុពលទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ដែលមាននៅក្នុងខេត្តសៀមរាប ​ជាច្រើនទៅធ្វើបទបង្ហាញដល់ក្រុមប្រតិបត្តិករទេសចររបស់ថៃ ហើយគ្រោងចុះកិច្ចព្រមព្រៀងជាមួយដៃគូទំនាក់ទំនងលើវិស័យទេសចរណ៍មួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងមួយក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាដោយក្រសួងទេសចរ ណ៍បានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរមួយចំនួនដូចជា អំពីបែបបទចូល-ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ។ ភ្ញៀវទេសចរដែលបើកបររថយន្តដោយខ្លួនឯង(Self Driving Tours)មានបំណងចូលមកទស្សនាក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន នាំចូលបណ្តោះអាសន្ន និងចេញទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស អាចបំពេញប្រតិវេទន៍គយសង្ខេប សម្រាប់មធ្យោបាយធ្វើដំណើរចូល-ចេញបណ្តោះអាសន្នរបស់ភ្ញៀវទេសចរ ជាមួយមន្រ្តីគយច្រកទ្វារតែម្តង។ ភ្ញៀវទេសចរមិនចាំបាច់បង់ប្រាក់និមុត្តិធានា (Deposit) និងថ្លៃធានារ៉ាប់រងឡើយ៕

ដោយឃុត សៅ