ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី អាម៉េរិកប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ត្រូវ​បា​ន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អនុ​ញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ ២០១៩ នៅវិមាន​ស​ន្តិ​ភា​ព។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​ម​ន្ត្រី បានថ្លែងប្រាប់​អ្នក​យក​ព័​ត៌​​មានឱ្យដឹងថា នៅក្នុងជំនួបនោះថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរ​សាទរ​​ចំ​ពោះ​ឯកឧត្តម W.Patrick Murphy ដែល​ត្រូវបានតែង​តាំ​ង​ជាឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋ​អាមេរិក ដែលបានម​ក​​បំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម W.Patrick Murphy បាន​ថ្លែ​ង​អំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម បាន​ចូល​ជួ​បសម្ដែងការគួរសម ដោយបានសម្ដែងនូវ​សេចក្ដី​រីករាយ និងទទួលស្គា​ល់​ស​ម្រា​ប់ថ្ងៃ២៣ ខែតុលា ដែលជាថ្ងៃប្រវត្តិសាស្ត្រ និងជាថ្ងៃឈប់​សម្រាករបស់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការ​ទូតរបស់ឯកឧ​ត្តម ដែលត្រូវចាប់ផ្ដើមបំពេញការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោបានគូស​ប​ញ្ជាក់ថា អ្វីដែលជាការបន្តធ្វើនោះគឺការបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ច​ស​ហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ សម្តេចតេជោបានលើកឡើងថា ដោយសារ​ក​ន្ល​ង​មកកម្ពុជា និងសហរដ្ឋអាមេរិកមានកិច្ចសហការគ្នាលើគ្រប់វិស័យ ដូចជា កិច្ចសហប្រតិ​បត្តិ​ការ​ក្នុងការស្វែងរកអដ្ឋិធាតុទាហានអាម៉េរិក​ដែលបានបាត់ខ្លួនដោយសារ​សង្គ្រាម និង​ការ​ជួយដល់ប្រជាពលរដ្ឋ​កម្ពុជាតាមរយៈក្រុមអ្នកស្ម័គ្រចិត្ត(Peace Corp)របស់សហរដ្ឋអាមេរិក ។ សម្ដេចតេជោបានបន្ដថា ​កន្លងមក​កម្ពុជា និង​សហរដ្ឋអាមេរិក  មានចំណុចដែលបានឯក​ភាព​គ្នាច្រើន រួមទាំ​ងវិ​ស័​យ​អប់​រំ វិស័យសុខាភិបាលជាដើម ដូច្នេះយើងនឹង​បន្ត ដើម្បីធ្វើការ​​សហការគ្នាជាបន្តបន្ទា​ប់​ទៀ​ត​។​​ សម្ដេចតេជោក៏បានជំរុញដល់ឯកអគ្គរដ្ឋទូតអាម៉េរិក​ផងដែរ ទាក់ទងទៅនឹង​ការ​បង្កើ​ន​កិ​ច្ច​ស​ហ​ប្រតិបត្តិការកម្រិតអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ និង​ក្នុ​ង​ក្រ​ប​​ខ័ណ្ឌ​អាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។ សម្តេចតេជោ​បានលើកឡើងទៀតថា កម្ពុជា​នឹ​ង​​ធ្វើ​ជា​ប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះសម្តេចចង់​ឃើញ​អាម៉េរិក និងអាស៊ាន​មានកិច្ច​ស​ហ​ការ​គ្នាបានល្អ។ ជាមួយគ្នានេះដែរ​  នៅឆ្នាំក្រោយនេះ គឺជាខួបទី៧០ នៃទំនាក់ទំនងរវាងប្រទេស​ទាំ​ង​ពីរ​ ដូច្នេះកម្ពុជា និងអាម៉េរិក នឹងសហការគ្នា​ក្នុងការរៀបចំកម្មវិធី​មួយចំនួន​នៅថ្ងៃ​ខួបនៃ​ទំ​នា​ក់​ទំ​ន​ង​នេះផងដែរ៕

ដោយ ជឹម ណារី