មន្រ្ដីជាន់ខ្ពស់កម្ពុជាចាត់ទុកពិព័រណ៍បច្ចេកវិទ្យា កសិកម្មទំនើប នៅប្រទេស​ចិន នឹងផ្តល់នូវបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានចាត់ទុកថា  ព្រឹត្តិការណ៍រៀបចំពិព័រណ៍បច្ចេកវិទ្យា កសិកម្ម​ទំនើបលើកទី២៦ នៅប្រទេសចិន បានផ្តល់នូវបទពិសោធន៍ ដើម្បីឈ្វេងយល់​បន្ថែមពីការ​ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ជាពិសេសវិស័យកសិកម្មទំនើប តាមគោលគំនិត​ផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រមុខដឹកនាំប្រទេសចិន។ ការលើកឡើងនេះ បានធ្វើ​ឡើង​ក្នុងពិព័រណ៍បច្ចេកវិទ្យា កសិកម្មទំនើបលើកទី២៦ ដែលបានប្រព្រឹត្តឡើងពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងលីង ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម  អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងស្ថាប័ន កសិពាណិជ្ជកម្ម និងកសិ​ឧស្សាហកម្ម​ជាច្រើនរបស់ចិន ក្នុងពិធីបើកជាផ្លូវការសន្និសីទផ្សព្វផ្សាយបច្ចេក​វិទ្យា​ទំនើប​ក្នុងវិស័យកសិកម្ម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម  អ៊ាង សុផល្លែត បានបង្ហាញទស្សនវិស័យ និងគោលនយោបាយស្តីពី​ការលើក​កម្ពស់វិស័យកសិកម្មកម្ពុជា ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដូចដែលបាន​កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  ដើម្បីកំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដោយសង្កត់លើការតម្រង់​ទិស​ការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវសុទិដ្ឋិនិយមចំពោះ កិច្ចសហប្រតិបត្តិការ​តាម​រយៈផ្លូវមួយ ខ្សែក្រវាត់មួយ នឹងពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចស​ហ​ប្រតិបត្តិការនានាលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងអនាគតទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តមបានគូស​បញ្ជាក់ថា កម្ពុជាសង្ឃឹមលើគម្រោង និងកិច្ច​សហការបន្ថែមទៀតជាមួយមិត្តចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់មួយ។ ជាមួយគ្នានេះដែរ ឯកឧត្តម  រដ្ឋលេខាធិការក៏បានអញ្ជើញជាអធិបតី​ក្នុងពិធីចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីចិន និងស្ថាប័នអន្តរជាតិមួយចំនួន​ទៀតផងដែរ។

ដោយ រិទ្ធី