ឯកឧត្ដម ឃួងស្រេង៖ ពាក្យចង់ជួបចៅសង្កាត់ពិបាកជាងចង់ជួបរដ្ឋមន្ត្រី​​បានសាប​រលាប​ហើយ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩– ការដែលប្រជាពលរដ្ឋចង់ជួបចៅ​សង្កាត់​ដើម្បី​ឱ្យផ្ដល់សេវាផ្សេងៗពិបាកជាងចង់ជួបរដ្ឋមន្ត្រីនោះ​ពាក្យនេះត្រូវបានសាបរលាបហើ​យ​ដោ​​យសារ​តែនៅថ្នាក់សង្កាត់មានមន្ត្រីចាំទទួលនិងផ្តល់សេវាគ្រប់ពេលជូនប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងឱកា​ស ​ដែល​ឯកឧត្ដមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ តុលា ឆ្នាំ២០១៩ ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ក្នុងកំណែទម្រ​ង់ចតុកោណដំណា​ក់កាលទី៤របស់រាជរដ្ឋាភិបាលគឺការបង្ខិតសេវាអោយនៅកៀកកិតជាមួយប្រជាពលរដ្ឋនៅថ្នាក់សង្កាត់យើងបានបង្កើតឱ្យមានក្រុមការងារមួយដែលមានចៅសង្កាត់រងទី១ចៅសង្កាត់រងទី២ក៏ដូចជាស្មៀនជាដើមនៅចាំទទួលសេវាកម្មផ្សេងៗពីប្រជាពលរដ្ឋបើសិនជាលោកចៅសង្កាត់មិននៅ។

ការបង្កើតឱ្យមានក្រុមការងារបែបនេះធ្វើពាក្យថា ចង់ជួបចៅសង្កាត់​ដើម្បី​ឱ្យ​ផ្ដ​ល់​សេ​វា​ផ្សេ​ងៗពិ​បាកជាងចង់ជួបរដ្ឋមន្ត្រីនោះពាក្យនេះត្រូវបានសាបរលាប។ ឯកឧត្ដម  ឃួង  ស្រេង​បាន​បញ្ជា​ក់ទៀតថា ការបង្កើតឱ្យមានវគ្គបណ្ដុះ​បណ្ដាលការប្រាស្រ័យទាក់ទ​ងនិងបដិ​ស​ណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញនេះគឺក្នុងគោលបំណងធ្វើយ៉ាងណាឱ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះនៅកៀកកិតជាមួយនឹងប្រជាពលរដ្ឋហើយអ្នកផ្តល់សេវាមានស្នា​មញញឹម ការផ្តល់សេ​វាមាន​តម្លាភាព ​គណ​នេយ្យ​ភាពនិងទាន់ពេលវេលាទៅ តាមតម្រូវការប្រើប្រាស់ចាំបាច់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍បន្តឱ្យដឹងទៀតថា ក​ន្លងមកនេះកា​រផ្ដល់​សេ​​វាកម្មជូនប្រជាពលរដ្ឋឃើញថា ​មន្ត្រីរបស់យើងអនុវត្ត​បានល្អប្រសើរហើយប៉ុន្តែទោះបីជា​យ៉ាងណាក្តីយើងត្រូវតែខិតខំបន្ថែមទៀតដើម្បីឱ្យការផ្ដល់សេវានេះកាន់តែល្អប្រសើរ។

ជាងនេះទៅទៀតអ្វីដែលសំខាន់មិនអាចខ្វះបានមួយទៀតនោះគឺសាមគ្គីភាពផ្ទៃក្នុងដែលមន្ត្រីរបស់យើងទាំងអស់ត្រូវតែមានសាមគ្គីភាពផ្ទៃក្នុងទើបការអនុវត្តការងារនៅក្នុងអង្គភាពរបស់ខ្លួនទទួលបានភាពជោគជ័យ។

ឯកឧត្ដម ឃួង ស្រេង​ក៏បានបញ្ជាក់ថា សម្តេចតេជោហ៊ុនសែនបានលះបង់​គ្រប់យ៉ា​ង​សូ​ម្បីតែជីវិតដើម្បីដណ្ដើមយ​កមកវិញនូវសុខសន្តិភាពនិងការ​អភិវឌ្ឍ។​ដូច្នេះយើ​ងត្រូ​វ​រួ​ម​គ្នា​ថែ​រក្សាឱ្យបានគង់វង្សនូវសន្តិភាពនេះដើម្បីទុកឱ្យកូនចៅយើងជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញគឺមានការចូលរួមពីអស់លោកជាចៅសង្កាត់ស្មៀនសង្កាត់ទាំង១០៥នៅក្នុងរាជធានីភ្នំពេញតែម្តងហើយនេះក៏ជាវគ្គបណ្តុះបណ្តាលដំបូងផងដែរ៕

ដោយ៖ សំរិត