ធម្មយាត្រា ៥ដែនដី ធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ទៅកាន់ប្រទេស ឡាវ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីបានធ្វើដំណើរដល់ខេត្តឌៀន បៀន ហ្វូ ដែលជាខេត្តមួយបានបង្កើត​កំណត់ត្រាប្រវត្តិ​សាស្ត្រថ្មីសម្រាប់ក្រុមធម្មយាត្រា ៥ ដែនដីលើកនេះ។ សម្រាប់ការប្រតិបត្តិសាសនាព្រះពុទ្ធ នៅខេត្តនេះកើតចេញ​មកពីការកសាងវត្ត លិង ក្វាង នេះតែម្តង ដែលអារាមនេះ កសាង​ឡើង​ដើម្បីជាការផ្តល់នូវទីតាំងឱ្យពលរដ្ខគោរពបូជា ជាពិសេសក្រុមជនជាតិ ថៃដាំ ដែល​អាស្រ័យ​នៅទីនេះ បានគោរពប្រតិបត្តិសាសនា។

វត្តលិង ក្វាង បានកសាងឡើងនៅក្នុងឆ្នាំ ២០១៤ ហើយអារាមនេះជាទីតាំង​សម្រាប់​តែភិក្ខុសង្ឃ ព្រមទាំងជាកន្លែងតំកល់នូវព្រះបដិមាជាច្រើនអង្គ បូកផ្សំជាមួយនឹងជំនឿ​សាសនារបស់ជនជាតិវៀតណាម។

ព្រះសង្ឃ តិត ប៉ិវ ចាំង ក្រមការពុទ្ធសាសនសមាគម​ ប្រទេសវៀតណាម និងជា​អនុប្រធានផ្នែកការបរទេសរបស់ពុទ្ធសាសនសមាគមប្រទេសវៀតណាម មានថេរដិកាថា ដោយមូលហេតុសព្វថ្ងៃ ស្ថានភាពសង្គមរវាងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសរៀតណាម ឡាវ ស្ថិតក្នុងស្ថិរភាព ជាហេតុធ្វើ ឱ្យប្រទេសទាំងពីរ​ មានការចេញ​ចូលទាក់ទងគ្នា​ខាងការ​ទូតបានស្រួលជាមុន។ ក្រៅពីនេះទៀត ប្រទេសក្នុងតំបន់អាស៊ានមានការលើកលែង ទិដ្ឋាការ ដែលបានធ្វើឱ្យគម្រោងធម្មយាត្រាបានមកដល់ទីនេះ។

ជាមួយគ្នានេះដែរ នៅមន្ទីរសុខាភិបាល ខេត្ត ឌៀន បៀន ហ្វូ ប្រទេសវៀតណាម មានពិធីប្រគល់ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ ពីក្រុមហ៊ុនថៃណាក់ខន ផាត់ថាណា។ លោក សុផាក់ឆៃ វីរៈភូជង្គ ប្រធានក្រុមហ៊ុន ថៃណាក់ខន ផាត់ថៈណា បានថ្លែង ដោយ​អារម្មណ៍រំភើបជាខ្លាំង សម្រាប់ការមកដល់ខេត្តនេះ ហើយនេះមិនមែនមកតែឯងទេ គឺមកជា​មួយព្រះសង្ឃ ក្នុងគម្រោងធម្មយាត្រា ៥ ដែនដី។

លុះដល់ព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ក្បួនធម្មយាត្រា ៥ដែនដី តំបន់ទន្លេមេគង្គ បានចេញដំណើរពី ខេត្តឌៀន បៀន ហ្វូ សាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្ពោះទៅ​កាន់​ច្រកព្រំដែន ប៉ាង ហុក ក្រុង ម៉ៃ ខេត្ត ផុងសាលី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ក្នុងគោលបំណងបន្តដំណើរទៅកាន់ ក្រុងហ្លួងព្រះបាង។  ទន្ទឹមនេះ ក្បួនធម្មយាត្រាធ្វើ​ដំណើរ​ដល់ខេត្តឧត្តមសៃ នៅក្រុងមឿងម៉ៃ មានសិស្សានុសិស្សសាលាបឋម សិក្សា​និងមធ្យម​សិក្សា ហួរណាមង៉ា ចេញមកទះដៃស្វាគមន៍ក្បួនធម្មយាត្រា និងក្បួនកំពុងឆ្ពោះទៅកាន់​ខេត្តហ្លួង ព្រះបាង ។ ក្រៅពីនេះ នៅពេលមកដល់ចំនុច ភូសាយ ឡុមម៉ាំង ដែលជាចំណុច​នៃព្រំប្រទល់ខេត្ត ឧត្តមស័យ និងក្រុងហ្លួងព្រះបាង ឯកឧត្តម អនតា រ៉ាន់ណាក់ចក្រ អនុ​ប្រធានរណសិរ្ស        កសាងជាតិឡាវ នៃក្រុង ហ្លួងព្រះបាង បានមកទទួលស្វាគមន៍​អំឡុង​ពេល​ធ្វើដំណើរ របស់ក្រុមធម្មយាត្រា ៥ ដែនដី។ បន្ទាប់មក ក្រុមធម្មយាត្រាក៏មកដល់​ក្រុងហ្លួងព្រះបាង ហើយត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាបន្តទៀត ពីសំណាក់​ឯកឧត្តម សាក់មក កឹងសាក់ដា អនុប្រធានរណសិរ្ស កសាងជាតិឡាវ ឯកឧត្តម ខាំឡា ថាក់ស៊ី​ណិផន ប្រធានរណសិរ្សកសាងជាតិឡាវ ក្រុងហ្លួងព្រះបាង បានរៀបចំការស្វាគមន៍​នៃក្រុមធម្មយាត្រា ៥ដែនដីយ៉ាងកក់ក្តៅ៕

ដោយ នីកា