សម្ដេចតេជោ ហ៊ុន សែន៖  ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា​ឆ្នាំ១៩៩១ ក៏សង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្ត បង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ — ស្របពេលដែលមានការអបអរសាទរខួប ២៨ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣​តុលា ប្រ​មុ​ខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ថា ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ក៏សង្រ្គាមស៊ីវិល​នៅ​កម្ពុជានៅបន្ត ដែ​ល​​បង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)។  ប៉ុន្តែក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់ ស​ម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូ​ទាំង​ប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរ​សប្បាយ​រហូតមកដល់សព្វថ្ងៃ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ គឺជាខួប ២៨ ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០១៩) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ សម្រាប់២៨ ឆ្នាំមុន ពោ​លគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែ​ន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ ន​​រោត្ត​ម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះ​ប្រជា​ពលរដ្ឋខ្មែរ ដែ​លតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)​តំ​ណា​ងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទី​ក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំង​អគ្គលេខាធិ​កា​រអង្គ​ការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

សម្ដេចតេ​ជោ​គូ​សបញ្ជាក់ថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេ​ច​បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ ន​រោត្តម សីហនុ នៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេ​សបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ ន​រោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ បន្ទាប់​មកក៏មាន​កិច្ច​ចរ​ចា​បន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករាឆ្នាំ១​៩​៨​៨​ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយ​ចំនួន​ទៀ​ត។​សម្ដេចតេជោបានលើកឡើងថា  ទោះ​បីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១​៩​​៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជា​ប្រជាធិបតេ​យ្យ​ (ប៉ុលពត)។ ទន្ទឹមនេះ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបាន​បញ្ច​ប់​សង្រ្គា​មស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់​នូវសន្តិ​ភាព​ពេ​ញ​​លេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ​គ្រប់ៗ​គ្នាក្នុងថ្ងៃខួប២៨ ឆ្នាំ​ នៃកិច្ចព្រមព្រៀងប៉ារីសថ្ងៃនេះ៕

ដោយ ជឹម ណារី