រដ្ឋមន្រ្ដីក្រសួងសុខាភិបាលជំរុញដល់មន្ត្រីសុខាភិបាលនៅទូទាំងប្រទេសត្រូវបន្ត យកចិត្តទុក​ដាក់ និងពង្រឹងសកម្មភាពលើករណីជំងឺគ្រុនចាញ់ឱ្យបានកាន់តែច្រើនថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩​ — រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានជំរុញដល់មន្ត្រីសុខាភិបាលនៅទូទាំងប្រទេស និងអង្គការដៃគូ​ទាំងអស់​ត្រូវបន្តការខិតខំយកចិត្តទុកដាក់ និងពង្រឹងសកម្មភាពក្នុងការបំពេញកិច្ចការងារទៅ​លើករណីជំងឺគ្រុនចាញ់ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ថ្លែងនៅក្នុងការបើកកិច្ចប្រជុំប្រឹក្សាយោបល់លើវឌ្ឍនភាពការងាររបស់ក្រុមការ​ងារ ពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងយុទ្ធសាស្រ្តលុបបំបាត់​ជំងឺគ្រុនចាញ់ នៅទីស្តីការក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម​សាស្រ្តា ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ជំងឺគ្រុនចាញ់ មិនត្រឹម​តែធ្វើឱ្យប៉ះពាល់ដល់សុខភាព ការចំណាយលុយកាក់ ខាតបង់ការ ងារ បាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំដល់មន្រ្ដីសុខាភិបាល ត្រូវយកចិត្ត​ទុកដាក់ខ្ពស់ទាំងអស់គ្នាលើបញ្ហាជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខភាពគុណភាព​នៃការ​រស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើងសមស្របនឹងដំណើរវិវត្តន៍​នៃសភាពការណ៍​សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ខេត្តទាំងអស់ត្រូវ​រួម​សហ​ការគ្នាជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាល​ក្នុង​ខេត្តនីមួយៗ ចាំបាច់ត្រូវអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់គ្រុនចាញ់គ្រប់ប្រភេទឱ្យបានជោគជ័យតាមផែន​ការ។

សូមបញ្ជាក់ថា បើតាមការត្រួតពិនិត្យ តាមដានជាប់ជាប្រចាំ មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានផ្តោតការធ្វើអន្តរាគមន៍យ៉ាង​ខ្លាំងកា្ល នៅតំបន់ដែលមានករណីជំងឺគ្រុនចាញ់ខ្ពស់ ដែលបច្ចុប្បន្នមាននៅក្នុងខេត្តចំនួន៧ រួមមាន ខេត្តពោធិសាត់ខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្ត​ក្រចេះ និងខេត្តរតនគិរី។ សម្រាប់ការព្យាបាលជំងឺ ព្រមទាំងផ្តល់ប្រឹក្សាអប់រំសុខភាព​ពីជំងឺ​គ្រុនចាញ់ដល់ប្រជាជនដែលនៅតំបន់រងគ្រោះទាំងនោះដែលជាលទ្ធផលចំនួនករណីធ្វើតេស្តជំងឺមានការកើនឡើង ១៤៤ភាគរយ បើប្រៀបធៀបឆ្នាំ២០១៨។

ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងថា ដើម្បីសម្រេចគោលដៅក្នុងការ​លុប​បំបាត់​ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម នៅឆ្នាំ២០២០ និងដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុន​ចាញ់​គ្រប់​ប្រភេទឱ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ខាងមុខ។ ឯកឧត្ដមបន្ថែមថា ក្រសួង​បានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់នេះ ដើម្បីធ្វើបច្ចុប្បន្នភាព ស្ថានភាពជំងឺ វឌ្ឍនភាព​ការងារ បញ្ហាជួបប្រទះ និងទិសដៅឈានឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់​នៅទូទាំង​ប្រទេសក៏ដូចជាពិនិត្យលើទិដ្ឋភាពទូទៅ ការរីកចម្រើនក្នុងការអនុវត្តអភិក្រម​ការងារលុប​បំបាត់ជំងឺគ្រុនចាញ់របស់ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្វែងរកចំណុច​ខ្លាំង​ដែល​ទទួលជោគជ័យ និងចំនុចខ្សោយដែលយើងត្រូវបំពេញបន្ថែម។ ឯកឧត្តមបាន​ បន្ថែម​ទៀតថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ និងផ្តល់លទ្ធ​ភាព និងការ​លើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូលប្រភពធនធាន ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺ​គ្រុនចាញ់ ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ​ឱ្យសម្រេច​បានតាមផែនការកំណត់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅរបស់​ប្រជាពល​រដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានសំណូមពរដល់អង្គការដៃគូទាំងអស់​បន្តសហការល្អជាមួយ​មន្ទីរ​សុខាភិបាលខេត្ត និងជួយគាំទ្របន្ថែមថវិកាក្នុងការពង្រីកបន្ថែមសកម្មភាពប្រយុទ្ធនឹង​ជំងឺ​គ្រុនចាញ់៕

ដោយ ឡុង ស៊ីវ៉ាន់