កិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់​គ្រប់គ្រង និងការអភិរក្សផល ស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ទៅគណៈកម្មការជំនាញពិនិត្យ​សិក្សា

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ — កិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានប្រគល់សេចក្តី ព្រាងច្បាប់​គ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជូនទៅគណៈកម្មការជំនាញពិនិត្យ​សិក្សា ហើយធ្វើរបាយការណ៍មកគណៈអចិន្ត្រៃយ៍ រដ្ឋសភាវិញ។

នេះបើតាមប្រសាសន៍ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋសភាបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភាថា អង្គប្រជុំបានប្រគល់សេចក្តីព្រាងច្បាប់​គ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជូនទៅគណៈកម្មការជំនាញពិនិត្យ​សិក្សា ហើយធ្វើរបាយការណ៍ មកគណៈអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា   សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តន៍បទប្ប​ញ្ញ​ត្តិ​នៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការ គ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយនេះ  មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិក្នុងការ ចូលរួមគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។ បន្ទាប់ពីច្បាប់នេះអនុម័តរួចហើយនោះ អង្គការសហប្រជាជាតិនិងសមាជិកផ្សេងទៀត នឹងជួយគ្រប់គ្រងអភិរក្សធនធានមច្ឆជាតិក្នុងដែនសមុទ្រឱ្យបានគង់វង្ស។

ក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍ព្រឹកមិញនេះដែរ ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីសហជីព  សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅគណៈកម្មការជំនាញសិក្សាពិនិត្យ ហើយបញ្ជូនមកគណៈអន្ត្រៃយ៍​រដ្ឋ​សភាវិញ។

ក្រៅពីនេះអង្គប្រជុំបានអនុម័តបញ្ចូល ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦មាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការពិនិត្យនូវសេចក្តីព្រាង កម្មវិធីចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២០ ដើម្បីផ្ញើជូនរាជរដ្ឋាភិបាលដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២០ផងដែរ៕

ដោយ ប៉ាល់ សុ