សម្ដេចតេជោ ហ៊ុន សែន ទាត់ចោលសំណើរបស់ក្រសួងសុខាភិបាល​ ដែលស្នើ​ឱ្យមាន​ការ​ត្រួតពិនិត្យសុខភាពលើបេក្ខជនដែលប្រឡងចូលបម្រើការងារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទាត់ចោ​ល​​នូវសំណើរបស់ក្រសួងសុខាភិបាល ដែលស្នើឱ្យមានការត្រួតពិនិត្យសុខភាពលើបេ​ក្ខ​ជ​ន​ដែល ប្រឡងចូលបម្រើការងារក្រែងមានជំងឺឆ្លង ដោយសម្ដេចបានគូសបញ្ជាក់ថា ប​ញ្ហា​​នេះ​អ្វីដែល គួរឱ្យខ្លាចគឺជំងឺពុករលួយ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយជាង៤.០​០​​​​០​​​នាក់ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែ​តុ​​លា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍​​ថា កន្លងទៅនេះ សម្ដេចមិនយល់ស្របជាមួយសំណើ របស់ក្រសួង​សុខាភិបាល ដែលបានស្នើឡើ​ង​​ឱ្យមានការត្រួតពិនិត្យសុខភាព ទៅលើបេក្ខជនដែល​ប្រឡង​ជាប់ ឬបេក្ខជនដែលត្រៀមប្រ​ឡ​​ងចូលក្របខ័ណ្ឌរដ្ឋ។ សម្ដេចតេជោបានបញ្ជាក់ថា នេះគឺជា ការ​បង្កើបន្ទុកបន្ថែម សម្រាប់អ្នកដែលត្រូវប្រឡងចូល   និ​​ងហាក់ដូចជាដាក់បន្ទុកបន្ថែម ទៅលើបេក្ខជនដែលត្រូវចូលប្រឡង។ សម្ដេចតេជោបានលើកឡើងថា ជួនកាលការពិនិត្យ ​សុ​ខ​ភាព គឺជាសេវាដើម្បីរកលុយរបស់មនុស្សមួយចំនួន នេះគឺជាប្រការដែលគួរឱ្យខ្លាច មិន​​មែន​ជំ​ងឺនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដាំទៅក្រសួងសុខាភិបាលថា “បញ្ហាមិន​មែ​ន​ជា​ជំងឺទេ អ្វីដែលគួរឱ្យខ្លាចគឺជំងឺពុករលួយ។ នេះជារឿងដែលខ្ញុំទាត់ចោល។” សម្ដេច​តេជោបាន​បន្ត​ថា​ ព្រោះស្ថាប័ន និងក្រុ​ម​ហ៊ុនឯកជនដែលត្រូវទទួលជ្រើសរើសបុគ្គលិក គេមានតម្រូវ​ការល​ក្ខ​ខ​ណ្ឌរបស់គេរួចទៅហើ​យ​​។​

សម្តេច​​តេ​ជោបានគូ​ស​បញ្ជា​ក់​ដែរ​ថា ​នៅ​ថ្ងៃ​សុក្រ​ទី​២៥ ​ខែ​តុលា​ខាងមុខនេះ ​គណ​:​រដ្ឋមន្ត្រី​នឹង​ប្រជុំ​ឆ្លង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថវិ​កាជាតិ​ ​ក្នុងនោះ​គឺ​ចា​ប់​បង្ខំឱ្យ​រាជរដ្ឋាភិបាល​​ត្រូវធ្វើ​ការកែទម្រង់​ជា​បន្តបន្ទាប់​។ ​សម្តេចតេជោបាន​បន្ត​ទៀតថា​ “​ខ្ញុំ​នៅតែ​ប្រកាន់ យក​ជំ​ហ​រ​ដាច់ខាត​មួយ​ លើ​ចំណុច​ពីរ​នៅពេលដែល​ខ្លួន​ខ្ញុំ ​ឬ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​កាន់អំណាច ​នោះគឺ​ការមិន​យក​ព​ន្ធលើ​ពីរ​ចំណុច​។​ ទីមួយ៖ ពន្ធ​លើដី​ស្រែ​កសិករ ​ព្រោះ​ប្រជាកសិករ​កម្ពុជា​តាំងពី​ដី​នៅ​រួម​រហូត​ដី​ចែក​ដី​ឱ្យ​ប្រជាពលរដ្ឋ​គឺ​រដ្ឋា​ភិបាល​មិន​យកពន្ធ​ពី​​កសិករ​ទេ។ ​ដូច្នេះ​ការ​បន្ត​មិន​យក​ពេលនេះ​គឺ​នៅតែ​បន្ត ​បើសិនជា​គណបក្ស​ប្រជាជន​នៅ​កា​ន់​​អំណាច​។ ចំពោះ​គណបក្ស​ផ្សេង​ខ្ញុំ​មិន​ធានា​ទេ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​បានធ្វើរឿងនេះ​រ​យៈ​ពេល៤០ឆ្នាំ​ហើយ​។ ​ទី​ពីរ៖ មិន​ត្រូវបាន​យកពន្ធ​ពី​ប្រាក់បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ទេ។ ដូ​ច្នេះ​បុគ្គលិករដ្ឋ​ដែ​ល​មាន​ប្រាក់ខែ​អប្បបរមា​គឺ​មិន​ជាប់ពន្ធ​ទេ ហើយ​ទាហាន ​ប៉ូលីស ​ដែ​ល​មា​ន​ឋានៈ​ត្រឹម​ពលទោ ឬ​ស័ក្តិមួយ​ដល់​សក្តិ​បី​ក៏​មិន​ជាប់ពន្ធ​ដែរ ដោយប្រាក់បៀវត្សរ៍​ចាប់ពី​មួ​យ​​លាន​សាមសិប​ប្រាំ​ម៉ឺន​ឡើង​ទើប​ជាប់ពន្ធ៕”

ដោយ ជឹម ណារី