​អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ត្រូវផ្តល់​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋឱ្យបានលឿនប្រកបដោយប្រសិទ្ធភាព

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ — ​អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍ក្រើនរម្លឹក​ដោយជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ឱ្យបន្តប្រឹងប្រែងយកចិត្តទុកដាក់បំពេញ​​ភារកិច្ចដោយត្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ បានលឿនទាន់ពេល​ និងមានតម្លាភាពនោះ ។

ការលើកឡើងបែបនេះរបស់ លោក ង៉ោ ម៉េងជ្រួន នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីពីកិច្ចដំណើរនៃការិយាល័យច្រកចេញចូលតែមួយ និងការផ្ដល់សេវារបស់អង្គភាព ច្រកចេញចូលតែមួយ ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ឆ្នាំ ​២០១៩នេះ​​។

លោក ង៉ោ ម៉េងជ្រួន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវអង្គភាព ច្រកចេញចូលតែមួយនេះឡើងគឺជាយន្តការ​សម្រាប់ការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋអ្នកជំនួញ ​សហគ្រិន​ជាដើម។ ​​

លោកអភិបាលរងខេត្តបន្ទាយមានជ័យរូបនេះបន្តទៀតថា តាមរយៈនៃច្រកចេញ ចូលតែមួយនេះហើយដែលបានជំរុញឱ្យល្បឿនការងារទាំងឡាយ ដែលយើងបានអនុត្តន៍ កន្លងមករហូត​ដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋា ភិបាល ក៏បាន និង​កំពុងជំរុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តា ស្រុក ខណ្ឌផ្សេងៗទៀត ដែលមិនទាន់មានដំណើរដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ។​

អភិបាលរងខេត្តបន្ទាយមានជ័យលោក ង៉ោ ម៉េងជ្រួន បានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំង​​អស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរៀនសូត្រហើយត្រូវយកចំណេះបន្ថែមនេះទៅបម្រើក្នុងអង្គភាពច្រកចេញចូលតែមួយនៅតាមបណ្តាខេត្តស្រុកឱ្យមានប្រសិទ្ធភាព និងផ្តល់សេវា​បានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់គប្បីត្រូវប្រកាន់យកគោលការណ៍​​សំខាន់ៗ៥ យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត តម្លាភាព ​សមជាអ្នកបម្រើរាស្ត្រពិតប្រាកដហើយទទួលបានការគាំទ្រ និងជឿជាក់ពីប្រជាពលរដ្ឋ៕

ដោយ​​ ឈុន សារ៉ាត