ឯកឧត្តម អភិបាលខេត្តតាកែវ អនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មខេត្តតាកែវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

AKP តាកែវ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ –កាលពីព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តតាកែវ ​ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិ  បាលខេត្តតាកែវ បានអនុញ្ញាតឱ្យលោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មខេត្តតាកែវ ដែលទើបនឹងជាប់ឆ្នោតថ្មីៗ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា មានប្រសាសន៍ទៅកាន់គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តតាកែវ ដោយបានធ្វើការណែនាំ និងជំរុញទៅដល់សភាពាណិជ្ជកម្មខេត្ត ត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ ពីគម្រោងការកៀរគរអ្នកវិនិយោគិន មកវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។

ឯកឧត្តម អ៊ូច​ ភា មានប្រសាសន៍បន្តថា ការងារដែលសភាពាណិជ្ជកម្មចាំបាច់ត្រូវធ្វើគឺការកៀរគរអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។ ដោយធ្វើយ៉ាងណាត្រូវមានវិធីសាស្ត្រ ក្នុងការអូសទាញក្រុមអ្នកវិនិយោគឱ្យបានតាមដែលអាចធ្វើទៅបាន។ ព្រោះតួនាទីសភាពាណិជ្ជកម្មនេះសំខាន់ខ្លាំងណាស់ អាចនិយាយបានថា សម្របសម្រួលការប្រកបអាជីវកម្មក្នុងខេត្ត និងទាក់ទាញអ្នកវិនិយោគក្នុងស្រុកនិងក្រៅប្រទេសមកវិនិយោគនៅក្នុងខេត្តរបស់យើង។ ដើម្បីបង្កើតការងារឱ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋបានធ្វើ មានចំណូលសម្រាប់ទ្រទ្រង់ជីវភាព និងជួយកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្ថែមថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នតំណាងវិស័យឯកជនក្នុងខេត្ត សម្រាប់ជួយដោះស្រាយដំណើរការអាជីវកម្មនៅក្នុងខេត្ត និងជួយទាក់ទាញការវិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតការងារ លើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែង និងជំរុញសេដ្ឋកិច្ចក្នុងខេត្តឱ្យដំណើរការបានឆាប់រហ័សបន្ថែមទៀត។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានជំរុញសភាពពាណិជ្ជកម្មខេត្ត ត្រូវតែចងក្រងទីផ្សារសហគមន៍របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសទីផ្សារសហគមន៍ពងទាកូន និងបង្កងធម្មជាតិរបស់ខេត្តតាកែវ ដោយធ្វើយ៉ាងណាត្រូវបង្កើនការផលិត និងការលក់របស់បងប្អូនប្រជាពលរដ្ឋនិងជួយរកទីផ្សារបន្ថែមទៀតសម្រាប់ពួកគាត់ ព្រោះប្រសិនបើសភាពាណិជ្ជកម្មជួយសម្របសម្រួលច្រើនលើបញ្ហារកទីផ្សារនេះ វានឹងជួយឱ្យបងប្អូនប្រជាពលរដ្ឋមានប្រាក់ចំណូល និងជីវភាពកាន់តែប្រសើរ ៕

ដោយ អ៊ុច សៀង