កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២១០៩ –នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឱ្យឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាននាំចេញ នាំចូល និងសុវត្ថិភាពចំណីអាហារ និងអគ្គនាយកដ្ឋានអនាម័យសត្វ និងភូតគាមអនាម័យ នៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពន្លឿន និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា -​ចិន លើការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ប្រទេសចិន។

សូមបញ្ជាក់ថា ជំនួបពិភាក្សានៅថ្ងៃនេះគឺទទួលបានលទ្ធផលសំខាន់ៗមួយចំនួន មានជាអាទិ៍ ទី១. ភាគីចិនបានឯកភាពជំរុញ និងពន្លឿន ការពិនិត្យឯកសារ ដែលភាគីកម្ពុជាបានផ្តល់មុននឹងឈានដល់ការអនុម័តយល់ព្រម លើការចុះបញ្ជីរោងម៉ាស៊ីនកិនស្រូវកម្ពុជាលើកទី២ ក្នុងពេលឆាប់ៗខាងមុខនេះ។ ទី២. ភាគីទាំងពីរនឹងសហការរៀបចំ សម្របសម្រួល និងដំណើរការនីតិវិធីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ លើផលិតផលទឹកមាត់ត្រចៀកកាំ និងម្រេចកម្ពុជាក្នុងពេលតែមួយ។ ទី៣. ពាក់ព័ន្ធនឹងផ្លែស្វាយ ភាគីចិនបានពិនិត្យឯកសារវិភាគហានិភ័យសមាសភាពចង្រៃ ហើយនឹងបញ្ជូនមន្ត្រីជំនាញ ដើម្បីធ្វើការវាយតម្លៃបញ្ចប់នៅកសិដ្ឋានដំណាំស្វាយ នៅកម្ពុជា ក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ដោយគ្រោងនឹងចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិននាដើមឆ្នាំ២០២០។ ទី៤. ភាគីចិន បាននឹងកំពុងពិនិត្យឯកសារពាក់ព័ន្ធនឹងការស្នើសុំនាំចេញផ្លែមៀន ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ហើយគ្រោងនឹងចាត់បញ្ជូនមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ វាយតម្លៃតាមនីតិវិធី និងបច្ចេកទេសតម្រូវ ។ ទី៥.ភាគីចិនបានសម្រេចឯកភាពជាគោលការណ៍ឱ្យកសិដ្ឋានដំណាំចេកអំបូងលឿងកម្ពុជា ចំនួន៤កសិដ្ឋានបន្ថែមទៀត ធ្វើការនាំចេញផ្លែចេកស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិន។

អ្វីដែលគួរជាទីមោទនភាពនោះគឺ សរុបមកដល់ពេលបច្ចុប្បន្ននេះ កសិដ្ឋានដំណាំចេកអំបូងលឿងកម្ពុជា ដែលទទួលបានគោលការណ៍នាំចេញ ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនមានចំនួន៩កសិដ្ឋានហើយ ដែលមានផ្ទៃដីសរុបប្រមាណជា១ម៉ឺនហិកតា៕

ដោយ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)