កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ដើម្បីមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២១០៩ –តាមប្រភពព័ត៌មានរបស់ក្រសួងកសិកម្មបានឱ្យដឹង កាលពីថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋាន នៃកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ដើម្បីមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធីASPIREនិងគម្រោងការកសាងសមត្ថភាពបន្ស៊ាំតាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទ ក្នុងប្រទេសកម្ពុជា (S-RET)។

កិច្ចប្រជុំនេះបានប្រារព្ធនៅសាលប្រជុំនៃសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកនៃកម្មវិធី ASPIRE និងគម្រោង S-RET  និងលោក Kaushik Barua ជាប្រធានកុ្រមបេសកកម្ម (IFAD) រួមជាមួយលោក Manu Jouve ជាប្រធានបេសកកម្ម(IFAD) សម្រាប់មើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE និង (S-RET)។

នៅក្នុងកិច្ចប្រជុំក្រោមវត្តមានអ្នកចូលរួមជាង ១៤០នាក់ លោក Kaushik Barua បានថ្លែងបង្ហាញនូវចំណាប់អារម្មណ៍ទៅដល់អង្គប្រជុំទាំងមូលថា រូបលោក និងក្រុមការងារសូមសាទរសម្រាប់ដំណើរការបន្ត នៃភាពជោគជ័យរបស់កម្មវិធី ASPIRE ភាពជោគជ័យ នៃភាពជាអ្នកដឹកនាំល្អរបស់ឯកឧត្តមបណ្ឌិតនាយក មាស ពិសិដ្ឋ ហើយក៏សូមថ្លែងអំណរគុណសម្រាប់កិច្ចសហការល្អ នៃអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងមន្ទីរកសិកម្មដែលបានជួយសម្រួលទៅដល់ការងាររបស់ក្រុមបេសកកម្ម(IFAD) ក្នុងដំណើរការចុះបំពេញការងារទៅដល់មូលដ្ឋាន នៃបណ្តាខេត្តគោលដៅរបស់កម្មវិធី និងគម្រោងផងដែរ។

ថ្លែងបើកកិច្ចប្រជុំឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានកោតសរសើរទៅដល់ក្រុមបេស  កកម្ម ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងរកឃើញនូវចំណុចល្អៗជាច្រើនដែលជាប្រយោជន៍ សម្រាប់ធ្វើឱ្យដំណើរការនៃការអនុវត្តកម្មវិធី និងគម្រោងឱ្យកាន់តែមានភាពប្រសើរ និងជោគជ័យបន្ថែមទៀត។ ឯកឧត្តមបានបន្តថា ការអនុវត្តបាននូវភាពជោគជ័យគឺតម្រូវឱ្យមាននូវកិច្ចសហការគ្នាល្អ ការចែករំលែកនូវចំណេះដឹង និងការធ្វើដំណើរឆ្ពោះទៅគោលដៅរូមគ្នា ហើយបើទោះបីជាមានភាពមិនជាយុត្តិធម៌ទាំងស្រុងសម្រាប់ក្រុមការងារថ្មី នៃខេត្តគោលដៅថ្មីដែលត្រូវដើរទន្ទឹមគ្នាជាមួយក្រុមការងារចាស់នៃខេត្តគោលដៅចាស់ដើម្បីសម្រេចនូវគោលដៅរីកចម្រើនដូចគ្នាក៏ដោយ។

នៅក្នុងកិច្ចប្រជុំនេះលោក Manu Jouve ប្រធានបេសកកម្ម(IFAD) សម្រាប់មើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE និង S-RET ក៏បានធ្វើនូវបទបង្ហាញផងដែរ។

គួរបញ្ជាក់ថា ក្រុមការងារបេសកកម្ម(IFAD) សម្រាប់មើលថែ និងតម្រង់ទិសការងារអនុវត្តន៍កម្មវិធី ASPIRE និងគម្រោង S-RETនេះ គឺបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី០៣ ខែតុលា ហើយរបាយការណ៍នៃលទ្ធផលទាំងស្រុងសម្រាប់បេសកកម្មនេះ ក៏បានបង្ហាញឡើងជាសារធារណៈក្នុងកិច្ចប្រជុំនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះផងដែរ៕

ដោយ សេង សុវណ្ណនី