សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន០៩រូបចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ –នារសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីប្រចាំប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ មុននឹងចេញដំណើរទៅបំពេញភារកិច្ច ។

ឯកអគ្គរាជទូតទាំង៩រូបនេះ រួមមាន៖ ឯកឧត្តម  ចាយ ណាវុធ ឯកអគ្គរាជទូតប្រចាំសាធា រណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម អ៊ាត សីហា ឯកអគ្គរាជទូតប្រចាំសហព័ន្ធរុស្ស៊ីឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូត ប្រចាំប្រទេសអូស្រ្តាលី ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត ប្រចាំប្រទេសស៊្វីស ឯកឧត្តម ឈួក ប៊ុណ្ណា ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតប្រចាំប្រទេសម៉ាឡេស៊ី លោកជំទាវ បាន បូរ៉ុម ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋគូបា ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតប្រចាំរដ្ឋកូវ៉ែត និងឯកឧត្តម ហុក សុភា ឯកអគ្គរាជទូត ប្រចាំប្រទេសព្រុយណេ។

នៅក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម លោកជំទាវទាំង០៩រូប ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង០៩ ដែលនេះជាកិត្តិយសណាស់សម្រាប់ខ្លួន សម្រាប់គ្រួសារ សម្រាប់ក្រសួងការបទេស និងសហប្រតិការអន្តរជាតិ និងសម្រាប់ប្រទេសជាតិផង។ ជាមួយគ្នានេះសម្តេចបាន ផ្តាំផ្ញើចំពោះឯកឧត្តម លោកជំទាវទាំង០៩រូប ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ។

សម្តេចប្រមុខរដ្ឋស្តីទី បានបន្តថា ត្រូវក្តាប់ឱ្យជាប់នូវគោលនយោបាយការបទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសភាពការណ៍បច្ចុប្បន្ន ត្រូវយកចិត្តទុកដាក់ក្តាប់នូវយុទ្ធសាស្ត្រនិងយុទ្ធវិធីរបស់រាជរដ្ឋាភិបាលលើសមរភូមិការទូត និងត្រូវចាត់តាំងអនុវត្តន៍ដោយសកម្មរស់រវើក ដើម្បីការពារអធិបតេយ្យបូរណភាពដែនដី ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ រក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម និងគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។ ត្រូវយកចិត្តទុកដាក់ឃោសនាផ្សព្វផ្សាយឱ្យបណ្តាប្រទេសនានាយល់ជ្រួតជ្រាប ពីសភាពការណ៍ពិតរបស់កម្ពុជា ពីសក្តានុពល និងពីវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនលើកកម្ពស់វិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកប ដោយចីរភាព។ ពីរទស្សវត្សចុងក្រោយនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈថេរ ហើយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តកសាងកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីក   មន្ត្រីនៅក្នុងស្ថានទូតឱ្យមានសមត្ថភាព គុណភាព និងកិត្តិយស អាចធ្វើការដោយស្មើសិទ្ធិស្មើភាពជាមួយបណ្តាប្រទេសនានាលើកិច្ចការអន្តរជាតិ។

ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការខាងស្ថាប័ននីតិប្បញ្ញត្តិវិញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក៏សូមជួយបង្កលក្ខណៈ និងជំរុញឱ្យមានកិច្ចសហការល្អជាមួយនឹងគ្នា និងដើម្បីគាំទ្រគ្នាទៅវិញទៅមកសំដៅរួមចំណែកការពារ និងអភិវឌ្ឍន៍ ប្រទេសជាតិ រៀងៗខ្លួន។ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងជនរួមជាតិយើងដែលំពុងរស់នៅ ធ្វើការ រកស៊ីនៅប្រទេសសាម៉ីឱ្យបានល្អ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់សភាពការណ៍ និងព័ត៌មាននានាដើម្បីជាប្រយោ ជន៍សម្រាប់ការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។

ឯកឧត្តម ចាយ ណាវុធ តំណាងឯកអគ្គរាជទូតទាំងអស់ បានធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខសម្តេចប្រមុខរដ្ឋស្តីទី ថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ទៅតាមច្បាប់ដែលបានកំណត់។ ឯកឧត្តមបានសន្យាថា ឯកអគ្គរាជទូតទាំងអស់នឹងខិតខំអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រមុខរដ្ឋស្តីទី និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិ បត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញវិនិយោគិន ភ្ញៀវទេសចរ ឱ្យមកកម្ពុជាកាន់តែច្រើន៕

ដោយប៉ាល់ សុង