អន្តរក្រសួងអនុម័តគម្រោងបង្កើតអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និង សេវាកម្មថែទាំរថយន្ត

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ –គម្រោងបង្កើតអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និង សេវាកម្មថែទាំរថយន្ត ត្រូវបានកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម សូត យា អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) កាលពីថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា គម្រោងបង្កើតអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និងសេវាកម្មថែទាំរថយន្ត លើផ្ទៃដីទំហំ ៨.០០០ម៉ែត្រក្រឡា ដែល​មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោ ហ៊ុន សែន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន STAR AUTO (CAMBODIA) CO.,LTD. (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព និងតំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន STAR AUTO (CAMBODIA) CO.,LTD. (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន ផងដែរ។

ជារួម​ អង្គប្រជុំបានទទួលលទ្ធផល​ ដូចខាងក្រោម៖ ១-សូមគាំទ្រទាំងស្រុងលើគម្រោងអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និងសេវាកម្មថែទាំរថយន្ត។ ២-ក្រុមហ៊ុន​ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់រឹង រាវ និងសំរាមឱ្យបានត្រឹមត្រូវ។ ៣-ក្រុមហ៊ុនទីប្រឹក្សា​ ត្រូវគ្រប់គ្រង និងទុកដាក់សំណល់គ្រោះថ្នាក់ ដើម្បីរក្សាសុវត្ថិភាពដល់បុគ្គ  លិកធ្វើការនៅទីនោះ។ ៤-ចំពោះសំណល់ប្រេង ក្រណាត់ប្រឡាក់ប្រេង និងកម្ទេចកំទីផ្សេងៗ ក្រុមហ៊ុនត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ ៥-ក្រុមហ៊ុន​ ត្រូវគិតគូរអំពីគុណភាពខ្យល់ សំឡេង រំញ័រ ឱ្យបានហ្មត់ចត់។ ៦-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់ពីសុខភាពបុគ្គលិក-កម្មករ និងកែសម្រួលរបាយការណ៍នេះឱ្យស្របតាមច្បាប់ការងារ។ ៧-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវដាំដើមឈើឱ្យបាន៣០ភាគរយ នៃផ្ទៃដីសរុប។ ៨-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានល្អ ៕

ដោយ ពេជ្រ ណារិទ្ធ