ឯកឧត្ដម ឃួង ស្រេង ជំរុញការតភ្ជាប់វិស័យទេសចរណ៍ រវាងរាជធានីភ្នំពេញ និងងខេត្តបារៀ-វង់តាវ

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញការតភ្ជាប់វិស័យ ទេសចរណ៍រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរនៃប្រទេសទំាងពីរឱ្យទៅទស្សនាកម្សាន្ត ទៅវិញទៅមកឱ្យកាន់តែច្រើន។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចង់ឱ្យមានការភ្ជាប់ ទំនាក់ទំនងរវាងវិស័យដឹកជញ្ជូនអ្នកដំណើរតាមរយៈ រថយន្តក្រុង ពីរាជធានីភ្នំពេញទៅ ខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម ឬពីខេត្តខេត្តបារៀ-វង់កាវ មកកាន់រាជធានីភ្នំពេញ វិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរនៃប្រទេសទំាងពីរបានទៅទស្សនា កម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗទំាងនៅរាជធានីភ្នំពេញ និងខេត្ត បារៀ-វង់កាវជាដើម។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងឱកាសទទួលស្វាគមន៍ ក្រុមគណៈប្រតិភូវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន ហុងលិញ សមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩  ក្នុងគោលបំណងដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទំាងសងខាង។

ឯកឧត្ដមបានបញ្ជាក់ថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី និងខេត្តនៃប្រទេសទំាង២នេះ នឹងជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែលរាជធានីភ្នំពេញ និងបារៀ-វង់តាវ សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។

ឯកឧត្តមបន្ដថា ឥឡូវនេះក្រោមសេដ្ឋកិច្ចជាង៧ភាគរយជាង២ទស្សវត្សរ៍នេះ ប្រជាជនកម្ពុជារស់នៅក្នុងភាពស៊ីវិល័យ ក្នុងការធ្វើដំណើរកម្សាន្តទំាង ក្នុងប្រទេសនិងក្រៅប្រទេស។  បារៀ-វង់តាវ និងរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ ដូច្នេះយើងត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ពីរាជធានីភ្នំពេញទៅបារៀ-វង់តាវ ឬពីបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀតគឺការផ្លាស់ប្តូរ វិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទំាងពីរបានធ្វើដំណើរកម្សាន្តទៅវិញទៅមក។

ឯកឧត្ដម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វង់តាវ​ បានគាំទ្រចំពោះ គម្រោងពង្រីក កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរទំាងសងខាងបានកាន់តែច្រើន៕

ដោយ សួស សំរិត