ក្រសួងការងារប្រកាសថា ការងារជាង២ម៉ឺនកន្លែង ដល់យុវជនតាមរយៈពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ — ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសថា នេះជាឱកាសមួយទៀត សម្រាប់អ្នកស្វែងរកការងារគឺមានកន្លែងការងាររហូតដល់ជាង២ម៉ឺនកន្លែង កំពុងរង់ចាំ តាមរយៈពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីពេលថ្មីៗនេះថា នៅមិនដល់មួយខែទៀតទេ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” នឹងត្រូវបានរៀបចំឡើងឱ្យមានទីកន្លែង ជួបជុំគ្នាដោយងាយ ស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករ និយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មាន ទីផ្សារការងារ។ បន្ថែមលើនេះ ព្រឹត្តិការណ៍ពិព័រណ៍ នឹងនាំមកនូវសិក្ខាសាលាផលិតភាពជាតិ ក្រោមប្រធានបទ “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ ការប្រកួតប្រជែងជាសកល” ដែលនឹងចែករំលែកបទពិសោធន៍ដោយ វាគ្មិនជាតិ និងអន្តរជាតិល្បីៗស្របពេលនឹងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។   

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគម រោងចក្រកាត់ដេរនៅកម្ពុជា មានរយៈពេលពីរថ្ងៃគឺថ្ងៃសៅរ៍ទី០២ និងថ្ងៃអាទិត្យទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៨យប់នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

ចំពោះអ្នកដែលចូលរួមក្នុងពិព័រណ៍នេះទទួលបាននូវអត្ថប្រយោជន៍រួមមាន៖ ១-ជួប ស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ150។ ២-ដាក់ពាក្យសម្ភាសផ្ទាល់រកការងារគ្រប់ប្រភេទជាង 20,000កន្លែង។ ៣-ជ្រើសរើសបុគ្គលិកផ្ទាល់ពីចំណោមអ្នកស្វែងរកការងារជាង 30,000 នាក់។ ៤-ទទួលការណែនាំអាជីព បទពិសោធន៍ និងជំនាញទីផ្សារការងារកំពុងត្រូវការ និង៥-ទទួលបានគំនិត ជំនាញ ចំណេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ។

ដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើនផលិតភាពជាតិ ឆ្នាំ២០១៩នេះ ក្រសួងសូមអំពាវនាវដល់យុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ទាំងអស់ ចូលរួមទស្សនាឱ្យបានច្រើនកុះករ និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារ ដោយផ្ទាល់ជាមួយ និយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕

ដោយ អ៊ាង ប៊ុនរិទ្ធ