ធម្មយាត្រា៥ ដែនដី នៃប្រទេសតាមដងន្លេមេគង្គ ធ្វើដំណើរទៅដល់ប្រទេសឡាវ និងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ — ក្បួនធម្មយាត្រា៥ បានធ្វើឡើងនៅលើដែនដីតំបន់ទន្លេមេគង្គ ដែលបានធ្វើដំណើរចេញពី​ស្រុក​ឈៀងខង ខេត្តឈៀងរ៉ៃឆ្ពោះមកកាន់ច្រកស្ពានមិត្តភាព ឡាវ ថៃ ទី៤ ហួយសាយ-ឈៀង​ខង ក្រុងហួយសាយ ខេត្តបកែវ ដើម្បីធ្វើដំណើរទៅកាន់ ក្រុងសៃ ខេត្តឧត្តមសៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងរយៈចំងាយផ្លូវ ៣០០ គីឡូម៉ែត្រ ហើយ​ធម្មយាត្រានេះ ក៏បានបន្ដដំណើរទៅដល់ប្រទេសវៀតណាមផងដែរ។ ស្របពេលដែលក្បួនធម្មយាត្រាឆ្លងកាត់ច្រកព្រំដែន មានក្រុមព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុ សិស្ស បានឈរតម្រៀមត្រៀបត្រា រង់ចាំទទួលស្វាគមន៍គណៈព្រះសង្ឃធម្មយាត្រា៥ ដែនដី​និងអ្នកដឹកនាំពីស្ថាប័នពោធិគយវិឆាឡៃ។ បង្គោលធម្មចក្រ ទង់សាសនា និងទង់ធម្មយាត្រា៥ ដែនដី បានអញ្ជើញ និងឆ្លងកាត់ប្រទេសឡាវ។

តាមរយៈការធ្វើដំណើរនេះ មានផ្លូវបត់បែនតាមជ្រលងភ្នំ អមដោយដើមឈើស្រស់​ស្អាត អំឡុងពេលធ្វើដំណើរ រថយន្តក្រុងទាំង ៤ គ្រឿង ត្រូវបង្ខំចិត្តឈប់ជាដំណាក់ៗ ដោយ​សារតែមានប្រជាជន ក្មេងចាស់ ប្រុស ស្រី ចេញមកក្រវីទង់ជាតិទាំងប្រាំប្រទេស ដោយទឹក​មុខញញឹមស្រស់ស្រាយ។ ក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយនេះ តាមទម្លាប់របស់​ក្បួន​ធម្មយាត្រា មានការបរិយាយធម៌ ដើម្បីផ្តល់ជាចំណេះដឹងអំពីពុទ្ធឱវាទ រាប់បញ្ចូលទាំង​ក្រុម​អ្នក​សារព័ត៌មាន ទាំង៥ប្រទេស ដែលចូលរួមក្នុងការផ្សព្វផ្សាយនូវដំណឹងសំខាន់ៗតាម គន្លង​ព្រះពុទ្ធសាសនាលើកនេះផងដែរ។

ក្នុងការធ្វើធម្មយាត្រានេះដែរ ព្រះមេធីវរញ្ញាណ ជំនួយការព្រះចៅអធិការវត្តមហាធាតុ​យុវ​រាជរ័ង​សៈឬទ្ធិ មានថេរៈដឺកាផ្តល់នូវភាពសំខាន់ជាពិសេសរបស់ធម្មយាត្រា ៥ ដែនដី​តំបន់ទន្លេមេគង្គថា ប្រៀបដូចជាដើរតាមគន្លងព្រះបាទព្រះពុទ្ធ ដោយសារជាការដឹកនាំនូវ​កង​ទ័ពធម្មៈ និងប្រកាសផ្សព្វផ្សាយព្រះពុទ្ធសាសនា តាមចេតនាអារម្មណ៍របស់ព្រះ​សម្មាសម្ពុទ្ធ​។ ព្រះអង្គបន្ដថា នេះគឺជារឿងមួយដ៏សំខាន់ដែរ ដោយបានធ្វើឱ្យមនុស្សបានឈ្វេងយល់ បានយល់ដឹង និងនាំទ្រឹស្តីរបស់ពុទ្ធសាសនា មកប្រណិប័តន៍ ឱ្យខ្លួនរួចពីទុក្ខ​យ៉ាងពិត​ប្រាកដ។

ជាមួយគ្នានេះ ក្រុមធម្មយាត្រាបានមកដល់ ហ្លួងណាមថា ព្រមទាំងបានទទួលនូវភាព​កក់ក្តៅ ពីសំណាក់លោកជំទាវ រ័ស្សម្មី មិងបុប្ផា ប្រធានរណសិរ្សកសាងជាតិឡាវ ហ្លួង​ណាមថា បានសម្តែងនូវអារម្មណ៍រំភើបដែលក្បួនធម្មយាត្រា បានធ្វើដំណើរមកដល់ ព្រោះ​ពេលកន្លងទៅ មិនធ្លាប់មាននូវពិធីកម្មបែបនេះពីមុនមកទេ។ ម្យ៉ាងវិញទៀត នៅហ្លួងណាមថា មានជនជាតិកុលសម្ព័ន្ធទាំងអស់ចំនួន ១៧ អមជាមួយអ្វីដែលអស្ចារ្យនោះ គឺការចេញមករង់​ចាំទទួលស្វាគមន៍ក្បួនធម្មយាត្រាយ៉ាងណាស់ណែនណាន់តាន់តាប់ ដែលជាប្រវត្តិសាស្រ្តថ្មី​មួយថែមទៀតសម្រាប់ក្រុមធម្មយាត្រា។ បន្ទាប់មកក៏មានរៀបចំពិធីពុទ្ធសាសនា នៅវត្ត ព្រះធាតុជ័យមង្គលរតនមិងមឿង នៃខេត្តឧត្តមសៃ។ តំណាងមកពីអង្គការព្រះពុទ្ធសាសនា​សម្ព័ន្ធឡាវ បានឱ្យដឹងដែរថា នៅទីនេះអនុញាត្តិឱ្យប្រជាជនមានសិទ្ធក្នុងការ​គោរពប្រណិ​ប័តន៍​​ព្រះពុទ្ធសាសនា។

ឯកឧត្តម អូវាថ ច័ន្ទថាក់វង្ស ប្រធានរណសិរ្សកសាងជាតិឡាវ ខេត្ត ឧត្តមសៃបាន​គូសបញ្ជាក់ថា  នេះគឺជាបុណ្យវាសនាយ៉ាងធំធេងដែលបានទទួលស្វាគមន៍ក្រុមធម្មយាត្រា៥ ដែនដី។ ឯកឧត្ដមបន្ដថា អាជ្ញាធរខេត្តឧត្តមសៃ នឹងអភវឌ្ឍន៍ឱ្យក្លាយជាទីតាំងនៃ     ចំណុច កណ្តាលខាងវិស័យសេដ្ឋកិច្ច សង្គម និងសិល្បៈ វប្បធម៌។

លុះដល់ពេលរសៀល ក្រុមធម្មយាត្រា ដែនដីបានមកដល់ច្រកព្រំប្រទល់វៀត   ណាម ឡាវ ដោយមានការទទួលស្វាគមន៍ពីសំណាក់ព្រះសង្ឃ ថិក ថាំង ក្វៀ អនុប្រធាន     គណៈកម្មការពុទ្ធសាសនាសមាគមខេត្ត ឌៀនបៀន ហ្វូ និងជាក្រមការពុទ្ធសមាគម​នៃ ប្រទេស វៀតណាម។ ទន្ទឹមនេះ ព្រះសង្ឃ ថិក បិវ ឆិង ជាក្រមការពុទ្ធសមាគមនៃ​ប្រទេស​វៀតណាម និងជាអនុប្រធាន​ការបរទេសរបស់ពុទ្ធសាសនាសមាគមប្រទេសវៀតណាម និង លោក សឺង លេខាធិការ​ពុទ្ធ​សមាគមនៃខេត្ត ឌៀន បៀន ហ្វូ៕

ដោយ នីកា