ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi អះអាងថា ទីផ្សារកម្ពុជាឈរក្នុងលំដាប់ថ្នាក់ទី៥ សម្រាប់​អ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន 

AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ — អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi Corporation បានចាត់ទុកទីផ្សារ អាស៊ានគឺដើរ​តួនាទីយ៉ាងសំខាន់ក្នុងការចាប់យកចំណែកទីផ្សាររបស់ក្រុមហ៊ុន  ដែលឈរនៅ​ក្នុងលំដាប់ថ្នាក់ឈានមុខគេ សម្រាប់អ្នកប្រើប្រាស់ផលិតផល និង​សេវាកម្មរបស់ក្រុមហ៊ុន ក្នុងនោះ​កម្ពុជា ស្ថិតក្នុង​ចំណាត់ថ្នាក់ទី៥ បន្ទាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសវៀត​ណាម។ នេះជាការលើក​ឡើងរបស់លោក Cui Baoqiu អនុប្រធានក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation របស់ចិន ក្នុងជំនួប​ជាមួយគណៈប្រតិភូអ្នកសារព័ត៌មានអាស៊ាន-ចិន​ក្នុង​ដំណើរ​ទស្សន​កិច្ច នៅសាធារណរដ្ឋប្រជា​មានិតចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

លោក Cui Baoqiu បានលើកឡើង​​ថា ទីផ្សារអាស៊ានសម្រាប់ក្រុមហ៊ុនគឺជាទីផ្សារ​មួយល្អ និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនច្រើនជាងគេ ក្នុងនោះ ប្រទេស​មីយ៉ាន់ម៉ា ឈរក្នុងចំណាត់ថ្នាក់លេខ១ ប្រទេសសិង្ហបុរី, ម៉ាឡេស៊ី និងប្រទេសវៀត​ណាម​ឈរចំណាត់ថ្នាក់ទី៣ ហើយប្រទេសកម្ពុជាឈរក្នុងចំណាត់ថ្នាក់ទី៥។ លោកបាន​បន្ដ​ថា ក្នុង​រយៈពេល៥ឆ្នាំចុងក្រោយនេះ ការវិនិយោគ និងដំណើរការអាជីវកម្ម​របស់ក្រុមហ៊ុន​គឺបាន​ប្រព្រឹត្ដទៅយ៉ាងល្អប្រសើរ សម្រាប់ការលក់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននៅ​លើទី​ផ្សារអាស៊ី អឺរ៉ុប និងឥណ្ឌា ខណៈទីផ្សារអាស៊ានចាត់ទុកជាទីផ្សារធំ និងមានអ្នកប្រើ​​ប្រាស់​​ច្រើន​ជាងគេ។ លោកបានបន្ថែមថា តាមរយៈការអភិវឌ្ឍអាជីវកម្ម និងផ្ដល់សេវាម្មផ្នែក hardware ការបើកពង្រីកហាងលក់ថ្មី និងសេវាអ៊ីនធឺណេតរបស់ក្រុមហ៊ុននោះ ក្រុមហ៊ុននឹង​ពង្រីកនូវ​បច្ចេកវិទ្យា និងយុទ្ធសាស្រ្ដថ្មីៗបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រកាន់តែច្រើន​នាពេលអនាគត។ លោកបានបន្ដទៀតថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេល៧​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុនទទួលបានចំណូលប្រមាណ១៥ប៊ីលានដុល្លារ​អាម៉េរិក។

សូមបញ្ជាក់ថា ក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation បានបង្កើតឡើងកាលពី​ឆ្នាំ២០១០ ដែលបានធ្វើការច្នៃប្រឌិត និងដាក់ចេញសម្រាប់អ្នកប្រើប្រាស់ផ្ដោតទៅលើ​ក្រុម​ហ៊ុន​អ៊ិនធឺណេត ដែលកំណត់ទៅលើអង្គភាពក្រុមហ៊ុនទាំងនោះថា គឺជាការច្នៃប្រឌិតសម្រាប់​ទាំងអស់គ្នា។ នេះគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation ដែល​មានម៉ូដែលអាជីវកម្មតែមួយគត់គឺ hardware  ការបើកហាងលក់​រាយថ្មី និងសេវាអ៊ិនធឺណេត ដែលបង្កើតឱ្យមានគុណភាពខ្ពស់ និងមានផលិតផលរចនាឡើង​ស្របតាមប្រព័ន្ធ​តិចណូឡូជី​ទំនើបថ្មីៗ រួមមាន ទូរស័ព្ទវៃឆ្លាត ផលិតផលវៃឆ្លាតប្រើប្រាស់នៅផ្ទះ ទូរទស្សន៍វៃឆ្លាត AI speaker និងផលិតផល ព្រមទាំងឧបករណ៍ជាច្រើនទៀត ព្រមទាំងមាន​តម្លៃសមរម្យ​ថែម​ទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុនបានពង្រីក និងលើកកម្ពស់នូវសេវា​អ៊ិនធឺណេត ឱ្យទៅជា​លក្ខណៈសកលដែលរួមមានទាំងហិរញ្ញវត្ថុ និងឧស្សាហកម្មផ្នែក​កម្សាន្ដ​ថែមទៀត។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation បានផ្ដល់សេវាកម្ម និងផលិតផលនៅតាម​បណ្ដា​ប្រទេសជាង៨០ នៅក្នុងតំបន់៕ ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង