អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុង ពិធីបិទវគ្គជំនាញអន្តរាគមន៍ពិសេសនៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​​​១​៨ ខែតុលា ឆ្នាំ២០១៩ — កងកម្លាំងនគរបាលខេត្តសៀមរាប បានរៀនវគ្គហ្វឹកហ្វឺនជំនាញអន្តរាគមន៍ពិសេស ក្នុងការបង្រ្កាបទប់ទល់បាតុកម្ម និងកូដកម្ម អស់រយៈពេល២សប្តាហ៍កន្លងមកនោះប្រកប ដោយលទ្ធផលជាផ្លែផ្កា។ ពិធីនេះបានត្រូវបិទវគ្គកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅបរិវេណអតីតអង្គរឃ្យុងយូ ក្រុងសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប។

យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា កម្លាំងចំនួន៣២០នាក់ ដែលបានចូលមក ធ្វើការហ្វឹកហាត់បង្រ្កាបទប់ទល់បាតុកម្ម និងកូដកម្មនេះ ហើយកម្លាំងទាំងនោះមក ពីបណ្តាកងអន្តរាគមន៍ការិយាល័យចំណុះស្នងការខេត្ត និងអធិការនគរបាលក្រុង ស្រុក ដោយមានគ្រូបង្ហាត់មកពីអគ្គស្នងការនគរបាលជាតិ។ ការហឹ្វកហាត់នេះក៏បានចែកជា ៣ផែនគឺ៖ ផែនទី១. សម្រាប់អន្តរាគមន៍ប្រយុទ្ធ(ពិសេស), ផែនទី២.សម្រាប់ជំនួយឱ្យ អន្តរាគមន៍ពេលហត់នឿយក្នុងការប្រយុទ្ធ និងផែនទី៣. សម្រាប់ការពារទីតាំងដឹកស្បៀង ទប់ស្កាត់ហ្វូងបាតុករមិនឱ្យចូលទីតាំងប្រយុទ្ធ សំខាន់គឺផ្តាច់ស្បៀងបាតុករ រួមទាំងយុទ្ធវិធី និងយុទ្ធសាស្ត្រមួយចំនួនទៀត។ ការហ្វឹកហាត់នោះដែរក៏មានក្រុមរថយន្តពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានកោតសរសើរពីកិច្ចខិតខំយកចិត្តរបស់ កងកម្លាំងនគរបាលជាតិ លើការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ លោកអភិបាលខេត្ត ក៏បានលើកឡើងដែរអំពីមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំង ផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឱ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកទាំងនោះចង់បង្កចលាចល ធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ ព្រះមហាក្សត្រថែមទៀតផង។

ថ្លែងនៅក្នុងឱកាសបិទវគ្គនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានបញ្ជាក់ពីគោលបំណងនៃការហ្វឹកហាត់ គឺដើម្បីពង្រឹងសមត្ថភាពដល់កម្លាំងនគរបាល ទាំងអស់ចំណុះស្នងការខេត្ត ក្នុងការបង្កើននូវកិច្ចការពារ ធានាសន្តិសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានកាន់តែល្អ ប្រសើរឡើងថែមទៀត។

ឯកឧត្តម ក៏បានធ្វើការក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ត្រូវបង្កើន ការយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំងត្រៀមប្រចាំការ ក្នុងការចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលានៅហេតុការណ៍ ឬមានករណីអ្វីកើតឡើងជាយថាហេតុណាមួយ ជាពិសេសត្រូវបង្កើនកិច្ចការពារថែរក្សានូវសន្តិភាព ស្ថិរភាពនិងសន្តិសុខ សុវត្ថិភាព ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋការពារ និងបង្ការទប់ស្កាត់បទល្មើស ធានាសន្តិសុខសុវត្តិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅ នឹងតួនាទីភារកិច្ចដែលបានកំណត់ខាងលើ កងកម្លាំងទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការគ្នាល្អ ជាមួយអង្គភាពពាក់ព័ន្ធ ពិសេសដឹកនាំ និងបំផុសចលនាបងប្អូនប្រជាការពារក្នុងមូលដ្ឋាន ចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព  ដើម្បីឈានទៅសម្រេចបានស្នាដៃធំៗបន្ថែមទៀត ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ អង្គភាព និងជូនជាតិ មាតុភូមិកម្ពុជា៕

ដោយ ហង្ស សៀក