មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​អប់រំអះអាងថា សញ្ញាបត្រដែលបញ្ជាក់ពីការ​បញ្ចប់ការសិក្សានៅកម្ពុជាបច្ចុប្បន្នមាន​ការទទួល​ស្គាល់​ពី​អន្តរជាតិ

AKP សៀមរាប ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ — ថ្លែងនៅ​ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ ខ្ពស់ដល់និស្សិតចំនួន២ពាន់នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀម រាបនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍ថា ដោយសារប្រទេសកម្ពុជាមាន​ការអភិវឌ្ឍរីកចម្រើន លើវិស័យអប់រំ ជាពិសេសការធ្វើកំណែទម្រង់នៅប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ធ្វើឱ្យអន្តរជាតិមាន​ការ​ទទួល​ស្គាល់ពីគុណភាព​នៃការ​អប់រំនៅ​កម្ពុជា​។

ឯក​ឧត្តម​បញ្ជាក់ថា កាលពីមុនពេលយើងទៅបន្តការសិក្សានៅបរទេសគេមិនសូវ ទទួលស្គាល់ សញ្ញាបត្របញ្ជាក់ពីការ​បញ្ចប់ការសិក្សារបស់យើងនោះទេ ហើយពេលខ្លះគេឱ្យយើងរៀនឡើងវិញផងដែរ។ ប៉ុន្តែឥឡូវនេះ កូន​ខ្មែរចង់ទៅ​បន្តការសិក្សានៅ​ប្រទេសណាក៏គេទទួល​ស្គាល់​សញ្ញាបត្ររបស់​យើង​ ហើយ​អនុញ្ញាតឱ្យរៀន​បាន​យ៉ាង​ងាយស្រួលផងដែរ។ ឯក​ឧត្តមពន្យល់ថា កត្តាទាំងនេះហើយដែល​បញ្ជាក់ថា ការ​អប់រំបណ្តុះបណ្តាល​ធន​ធានមនុស្សនៅកម្ពុជា គឺមាន​គុណភាព​ ដែល​អន្តរជាតិទទួលស្គាល់។

ឯកឧត្តម ស សុខា បាន​បន្តថា ការចូលរួមរបស់វិស័យឯក​ជន​ក្នុងបណ្តុះបណ្តាល​ធនធានមនុស្សជាមួយរដ្ឋាភិបាល គឺជាកត្តាមួយដែលមិនអាចខ្វះបាន ដើម្បីធ្វើ ឱ្យវិស័យអប់រំមានការរីកចម្រើនហើយនៅប្រទេសណាក៏គេធ្វើបែបនេះដែរ។ ការបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ប្រកបដោយជោគជ័យរបស់ និស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាបនៅពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សាកលវិទ្យាល័យសម្រេចបាននូវស្នាដៃដ៏ធំធេងក្នុងការ ចូលរួមកសាង ធនធានមនុស្សប្រកបដោយគុណភាព ដែលមានសមត្ថភាពពេញលេញ ដើម្បីបំពេញឱ្យតម្រូវការចាំបាច់របស់ទីផ្សារការងារ និងប្រទេសជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សៀន សុវណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បាន​មាន​ប្រសាសន៍ថា  ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញា​តឱ្យ​វិស័យអប់រំឯកជន​ចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ចាប់ពីកម្រិតមតេយ្យសិក្សាដល់ ឧត្តមសិក្សា​ដើម្បីរួម​ចំ​ណែ​ក​អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាដើម្បីធានាគុណ ឆ្លើយតបទៅនឹង ផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំយុវជន ​និងកីឡា​យុទ្ធសាស្រ្តចតុ​កោណ​ដំណាក់ កាលទី៤ ​របស់រាជរដ្ឋា​ភិបាល​កម្ពុជា​ ព្រមធ្វើសមាហរណកម្ម​សេដ្ឋកិច្ចអាស៊ានផងនោះ សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានកំណត់នូវចក្ខុវិស័យ និងបេសកកម្ម​យ៉ាង​ច្បាស់​លា​ស់​ ព្រមទាំង​បានបង្កើតផែនការយុទ្ធសាស្ត្រឆ្នាំ២០១៥-២០១៩ និងផែនការ​យុទ្ធសាស្ត្រ​​ឆ្នាំ២០២០-២០២៥ ដើម្បីអភិវឌ្ឍ​ន៍ធនធានមនុស្សប្រកបដោយសមត្ថភាព និងមានឥរិយាបថល្អឆ្លើយតបទៅនឹងទីផ្សារការងារជាតិនិងអន្តរជាតិ ដើម្បីឱ្យពួកគេ អាចធ្វើការងារ ព្រមទាំងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្មនិង​សង្គមពុទ្ធិ។

លោកបន្តថា ការ​អនុវត្ត​ផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ បាននាំឱ្យ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ប្រែក្លាយទៅជា​សាកលវិទ្យាល័យ​ដែលមាន កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ព្រះរាជាណា​ចក្រ​​កម្ពុជា និងមានការទទួលស្គាល់ និង​គាំទ្រពីអ្នក សិក្សា និងស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានធនធានមនុស្ស ប្រកបដោយគុណភាពផងដែរ៕ដោយ ឃុតសៅ