អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បង្ហាញការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ — ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា គណៈប្រតិភូក្រសួងព័ត៌មានវៀតណាម ដឹកនាំដោយ លោក Dang Khac Lou អគ្គនាយករង នៃអគ្គនាយកដ្ឋានសារព័ត៌មាន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។

លោក Nguyen Hoai Son ដែលជានិពន្ធនាយករងកាសែតខេត្ត Phu Yen និងជាសមាជិកប្រតិភូ បានរំលឹកអនុស្សាវរីយ៍ខ្លះៗ កាលលោកធ្វើជាកងទ័ពស្ម័គ្រចិត្តវៀតណាម នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨៣។ លោក Nguyen Hoai Son បានរំលឹកថា នៅឆ្នាំ១៩៧៨ លោកក៏ដូចជាកងទ័ពស្ម័គ្រចិត្តវៀតណាមដទៃទៀត បានចូលមកប្រទេសកម្ពុជាដើម្បីគាំទ្រ និងជួយរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបអាវខ្មៅប៉ុលពត ។ លោកបានបន្តថា បន្ទាប់ពីជួយរំដោះប្រជាជនខ្មែររួចហើយ លោកក៏បន្តឈរជើងនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ហើយលោកទទួលបានការគោរពស្រលាញ់ និងយកចិត្តទុកដាក់ពីសំណាក់ប្រជាជនខ្មែរនៅតំបន់ដែលលោកបានឈរជើងផងដែរ ក្នុងនោះប្រហុកគឺជាមុខម្ហូបដែលលោកទទួលទានញឹកញាប់ជាងគេ ដែលប្រជាជនតែងតែផ្តល់ឱ្យ ហើយរហូតដល់ឆ្នាំ១៩៨៣ ទើបលោកត្រលប់ទៅមាតុភូមិរបស់លោកវិញ ។

លោកក៏បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសូមអបអរសាទរចំពោះការអភិវឌ្ឍដ៏មិននឹកស្មានដល់របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលលោកបានមកឃើញផ្ទាល់ភ្នែកនៅពេលនេះ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងជំនួបនោះ ភាគីទាំងពីរ (កម្ពុជា-វៀតណាម) បានបង្ហាញនូវការតាំងចិត្តដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានរវាងគ្នា និងគ្នាឱ្យកាន់ប្រសើរឈានមួយកម្រិតទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

សូមបញ្ជាក់ថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ វៀតណាមនឹងរៀបចំកម្មវិធីជំនួប វគ្គទី១ រវាងអ្នកកាសែតវ័យក្មេងកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែវិច្ឆិកា និងវគ្គទី២ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

ដោយ ផែន រតនៈ