គម្រោងផ្លូវជាតិលេខ ៧១ C ត្រូវបានកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ –គម្រោងផ្លូវជាតិលេខ ៧១ C ត្រូវបានកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និង ផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងផ្លូវជាតិលេខ ៧១C មានប្រវែង ១១៤,៦២គីឡូម៉ែត្រ នៅក្នុងភូមិសាស្រ្តក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ ស្រុកចំការលើ ខេត្តកំពង់ចាម របស់ក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា PPIC CO., LTD.។

កិច្ចប្រជុំនេះ​ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អន្តរក្រសួង​ពាក់ព័ន្ធ​ ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តកំពង់ចាម នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន និងក្រុមហ៊ុនទីប្រឹក្សា​ ចំនួន២៨នាក់។

ក្រោយពីបានធ្វើការពិនិត្យរួចមក កិច្ចប្រជុំ​បានសម្រេចលទ្ធផល​ ដូចខាងក្រោម​៖ ១-អង្គប្រជុំគាំទ្រគម្រោងផ្លូវជាតិលេខ ៧១C ។ ២-ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ ដើម្បីសិក្សា និងរចនាផ្លូវឡើងវិញឱ្យបានត្រឹមត្រូវ ចៀសវាងការប៉ះពាល់លើទីតាំងកប់សពរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។ ៣-ម្ចាស់គម្រោង​ត្រូវសហការជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងការរចនាផ្លូវឱ្យទៅតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ៤-ម្ចាស់គម្រោងត្រូវរចនាប្រព័ន្ធដោះទឹកភ្លៀងនៅតាមផ្លូវមេ និងផ្លូវរងនីមួយៗ​ឱ្យបានត្រឹមត្រូវ ចៀសវាងការហូរច្រោះ ការជន់លិចដីស្រែ-ចម្ការ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ។ ៥-ម្ចាស់គម្រោង​ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ដោយ សារសកម្មភាពគម្រោងឱ្យបានរួចរាល់ មុននឹងអនុវត្តន៍គម្រោង។ ៦-ម្ចាស់គម្រោងត្រូវស្រោចទឹកជាប្រចាំ ដើម្បីកាត់បន្ថយការហុយធូលី ព្រមទាំងកាត់បន្ថយសំឡេង និងរំញ័រនៅតាមទីប្រជុំជនសាលារៀន មណ្ឌលសុខភាព វត្តអារាមជាដើម។ ៧-ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ និងភ្លើងបំភ្លឺនៅតាមដងផ្លូវឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរា ចរ។ ៨-ម្ចាស់គម្រោងត្រូវមានផែនការដាំឈើ និងដាំស្មៅតាមជើងទេរ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។៩-ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយម្ចាស់គម្រោង ដើម្បីបញ្ចូលនូវអនុសាសន៍ដែលអង្គប្រជុំបានលើកឡើងនូវចំណុចវិជ្ជមាន ទៅក្នុងរបាយការណ៍ ESIA ឱ្យបានត្រឹមត្រូវ។ ១០-ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវដូចបានរៀបរាប់នៅក្នុងរបាយការណ៍ ESIA នេះ ៕

ដោយ ពេជ្រ ណារិទ្ធ