រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមទីតាំង ៩០០កន្លែង  ដើម្បីរៀបចំពិធីទទួលទានអំបុកខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ពេលខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ — អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់រៀបចំពិធី ទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំនឹងថ្ងៃបុណ្យខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩  លោក មាន ចានយ៉ាដា អភិបាលរងរាជធានីភ្នំពេញ  បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារថ្នាក់ខណ្ឌ និងមន្ត្រីជំនាញ ដើម្បីរៀបចំពិធីបុណ្យ ជាតិនេះប្រព្រឹត្តទៅឱ្យបានរលូន។ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការបើកឱ្យ មានកិច្ចប្រជុំនេះឡើង ដើម្បីឱ្យក្រុមការងារខណ្ឌទាំងអស់ និងមន្ត្រីជំនាញ រៀបចំពិធីនេះ ទៅតាមគម្រោងដែលរដ្ឋបាលរាជធានីភ្នំពេញបានគ្រោងទុក។   នៅទូទាំងរាជធានីភ្នំពេញ នឹងរៀបចំពិធីទទួលទានអំបុក ប្រមាណជាង៩០០ទីតាំង ដូច្នេះសូមឱ្យប្រជាពលរដ្ឋ ចូលរួមទទួលទានអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ទាំងអស់គ្នា។

លោក មាន ចាន់យ៉ាដា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ និងអបអរ សាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ រួមជាមួយ នឹងមោទនភាព ចំពោះសមិទ្ធផលនានារបស់រាជធានីភ្នំពេញ ដែលបាន និងកំពុងរីកចម្រើន យ៉ាងខ្លាំងក្លានាប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុក ដែលធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ។ ដោយឡែកសម្រាប់ខណ្ឌ និងមន្ទីរផ្សេងៗទៀត ក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ មិនតិចជាង១០ម៉ឺននាក់នោះទេ ៕

ដោយ សួស សំរិត