រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

AKP កំពង់ចាម ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុម ប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្ដម  ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិករបស់ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដម  ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួន៧ ដែលត្រូវលើកយកមកពិភាក្សា និងធ្វើការអនុម័តរួមមាន៖ ទី១-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី០៤។ ទី២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រៀង របាយការណ៍ស្តីពីការអនុវត្តការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩របស់រដ្ឋបាលខេត្តកំពង់ចាម។ ទី៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការ សកម្មភាពការងាររយៈពេលបីខែមានខែតុលា ខែវិច្ឆិកា និងខែធ្នូ របស់រដ្ឋបាលខេត្ត។ ទី៤-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងផែន ការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០១៩។ ទី៥-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាង ផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ(២០២០-២០២៤)។ ទី៦-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនសម្ថាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១អាណត្តិទីឆ្នាំ២០១៩។ ទី៧-ពិភាក្សាលើបញ្ហាផ្សេងៗ។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកជា សំណូមពរ និងអំពាវនាវអំពាវនាវដល់គណៈបញ្ជាឯកភាពខេត្ត និងមន្ទីរពាក់ពាន់ត្រូវរួមគ្នា ដោះស្រាយរាល់បញ្ហាដែលជាកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋយើងដែល បានស្នើសុំជួយដោះស្រាយតាមរយៈការចុះពិគ្រោះយោល់ និងសំណូមពរពីប្រជាពលរដ្ឋ ដូចការផ្តល់សេវាសាធារណៈនៅមានការយឺតយ៉ាវ ការទារកម្រៃសេវា បង្កការលំបាកដល់ប្រជាពលរដ្ឋនោះសេវានោះ រាជរដ្ឋាភិបាលមិនឱ្យយកកម្រៃ តែមានភាពយឺតយាវ។ ចំពោះបញ្ហាសន្តិសណ្តាប់ធ្នាប់ សាធារណៈ គ្រឿងញៀន ល្បែងស៊ី សងត្រូវតែយកចិតទុកដាក់ខ្ពស់ ក្នុងការបង្ក្រាបទប់ស្កាត់ ព្រោះវានាំឱ្យកើតមានអស្ថិរភាព អសន្តិសុខក្នុងសង្គម និងមានអំពើហិង្សាក្នុងគ្រួសារ។

លោក អ៊ុំភឿង  គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមមតិ និងផ្ដល់ជាយោបល់របស់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានផ្ដល់នូវអនុសាសន៍ផ្សេងៗដល់ថ្នាក់ដឹកនាំខេត្តពិសេស គណៈបញ្ជាការឯកភាពដែលជាសេនាធិការក្នុងការអនុវត្ត និងចុះដោះស្រាយដោយផ្ទាល់រាល់ សំណូមពររបស់ប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋាននិងយករាល់បញ្ហាដាក់ជូនដល់អភិបាលខេត្តដើម្បីធ្វើការដោះស្រាយ។

លោកអភិបាលរងខេត្តក៏បានលើកឡើង និងសំណូមពរដល់ក្រុមប្រឹក្សាខេត្ត ត្រូវ រួមគ្នាតាមដានរាល់សំណូមពរពលរដ្ឋនៅតាមមូលដ្ឋានហើយអាជ្ញាធរខេត្ត និងធ្វើការ ដោះស្រាយរាល់សំណូមពរទាំងនោះជូនប្រជាពលរដ្ឋតាមការចង់បានរបស់ប្រជាពលរដ្ឋយើងដើម្បីបង្កើនការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕

ដោយ ឆាយម៉ុត