អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានគម្រោង​សាងសង់សណ្ឋាគារ និង រីហ្សត ស៊ីប៊្រីស

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ –គម្រោង​សាងសង់សណ្ឋាគារ និងរីហ្សត ស៊ីប៊្រីស (Sea Breeze Hotel and Resort) ត្រូវបានកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) កាលពីថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គម្រោង​សាងសង់សណ្ឋាគារ និងរីហ្សត ស៊ីប៊្រីស (Sea Breeze Hotel and Resort) លើផ្ទៃដីទំហំ ៥.២២៤ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ២៨៣ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោកស្រី សោម រស្មី (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើចអេន ឌីវេឡុបមេន។

ប្រភពខាងលើឱ្យដឹងទៀតថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិ ស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន ផងដែរ។

ជារួម​ អង្គប្រជុំបានទទួលលទ្ធផល​ ដូចខាងក្រោម៖ ១-អង្គប្រជុំបានគាំទ្រទៅលើគម្រោងវិនិយោគនេះ ។ ២-ម្ចាស់គម្រោងត្រូវគោរពទៅតាមបទដ្ឋានបរិស្ថានក្នុងការរៀបចំអាងចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវចេញពីគម្រោង ដោយសមាមាត្រទៅនឹងបរិមាណប្រើប្រាស់ទឹករបស់គម្រោង។ ៣-ម្ចាស់គម្រោងត្រូវរៀបចំទីតាំងទុកដាក់សំណល់រឹង (សំរាម) សំណល់​សំណង់ និងសំណល់អាចម៍ដី ឱ្យបានត្រឹមត្រូវ ដោយសហការជាមួយក្រុមហ៊ុនប្រមូលសំណល់ក្នុងខេត្តព្រះសីហនុ ចៀសវាងទុកដាក់គ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យប៉ះពាល់ដល់សោភណភាពក្រុង។ ៤-ម្ចាស់គម្រោងត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថាននៅជុំវិញទីតាំងគម្រោង។ ៥-ម្ចាស់គម្រោងត្រូវរៀប

ចំ ចំណតឱ្យបានគ្រប់គ្រាន់​ ដោយគោរពតាមច្បាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ចៀសវាងការចតរថយន្តនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ។ ៦-ម្ចាស់គម្រោងត្រូវរៀបចំតំបន់នេះឱ្យក្លាយទៅជាតំបន់មេត្រីភាពបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ ឬរុក្ខជាតិលម្អឱ្យបានច្រើន ដើម្បីលម្អសោភណភាពនៅក្នុងតំបន់គម្រោង ។ ៧-ម្ចាស់គម្រោងត្រូវគោរពវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ និងរំលេចរចនាបថខ្មែរទាំងក្នុង និងក្រៅអគារ ។ ៨-ម្ចាស់គម្រោងគួរមានមូលនិធិចូលរួមចំណែកដាំដើមឈើនៅតំបន់ក្បាលឆាយ ដើម្បីជួយរក្សាលំនឹងទឹក​នៅខេត្តព្រះសីហនុ។ ៩-ម្ចាស់គម្រោងត្រូវគោរពច្បាប់ស្តីពីការងារ ដោយត្រូវចុះបញ្ជី ប.ស.ស សម្រាប់បុគ្គលិក-កម្មករដែលបម្រើការងារក្នុងគម្រោង ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារ។ ១០-ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួល និងដាក់ធាតុចូលបន្ថែមទៅក្នុងរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ ​៕

ដោយ ពេជ្រ ណារិទ្ធ