ក្រសួងការងារអនុញ្ញាតឱ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បន្ថែមការបង្រៀនភាសាកូរ៉េ និងជប៉ុន ដើម្បីបំពេញតម្រូវការទីផ្សារការងារ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យវិទ្យាស្ថានជាតពាណិជ្ជសាស្ត្របន្ថែម ការបណ្ដុះបណ្ដាលភាសាកូរ៉េ និងជប៉ុន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសគឺឆ្លើយ តបទៅនឹងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ក្រោយមានការស្នើសុំផ្ទាល់ពីនាយក វិទ្យាស្ថានជាតិមួយនេះ។ ការស្នើ និងអនុញ្ញាតឱ្យមានការបន្ថែមការបណ្ដុះបណ្ដាលភាសា បរទេសខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញ សំណេះសំណាលជាមួយសាស្ត្រាចារ្យ មន្ត្រីរាជការ និងបុគ្គលិក នៃវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានឱ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ពិចារណាបន្ថែមការបណ្ដុះបណ្ដាលជំនាញសេវាកម្មទេសចរណ៍ ទំនាក់ទំនងអន្តរជាតិ និង ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ត្រូវពង្រីកសមត្ថភាពបង្រៀនរបស់គ្រូ និងសាស្ត្រាចារ្យ ពីកម្រិតបរិញ្ញាបត្រទៅដល់កម្រិតអនុបណ្ឌិត និងបណ្ឌិត តាមរយៈការសិក្សាបន្តនៅក្នុង ប្រទេស ពិសេសនៅក្រៅប្រទេស។ ត្រូវបន្តពង្រឹងបរិយាកាសការងារ និងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អថែមទៀត ត្រូវមានវិធីសាស្ត្រគ្រប់គ្រងដឹកនាំ ប្រកបដោយតម្លាភាព គណនេយ្យ ភាពតាមទ្រឹស្ដី «ទឹកត្រជាក់ត្រីកុំ» ព្រមទាំងបន្តអនុវត្តតាមអភិក្រម «មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់» និងពង្រីកដៃគូនៅក្រៅប្រទេស ទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរគ្រូ និងរៀបចំឱ្យមានកម្មសិក្សាដល់សិស្សទាំងក្នុង និងក្រៅប្រទេសថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ គ្រូ បុគ្គលិកសិក្សា សិស្សនិស្សិតក្នុងវិទ្យាស្ថាន ដែលបានចូលរួមការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសសូមកុំចូលរួមជាមួយក្រុមមួយក្តាប់តូច ដែលព្យាយាម បំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។

សូមជម្រាបថា ការចុះពិនិត្យផ្ទាល់នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ គឺជាលើកទី៣ ហើយ បន្ទាប់ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងមជ្ឈមណ្ឌលបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។ ការចុះតាមគ្រឹះស្ថានបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈនេះ គឺធ្វើឡើងស្របពេលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន និងកំពុងអនុវត្តន៍យុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិត ក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅ ដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០។ គោលបំណងនៃការចុះតាមគ្រឹះស្ថានបណ្ដុះបណ្ដាលនេះ ដើម្បីជំរុញលើកទឹកចិត្តក្នុងការ អនុវត្តនូវគោលនយោបាយជាតិស្ដីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តន៍ទៅតាមផែនការអាទិភាពទី២ ដែលបានដាក់ចេញ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលពង្រឹងបន្ថែមទៅលើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)៕

ដោយ​ អ៊ាង ប៊ុនរិទ្ធ