ផ្លូវជនបទក្រាលកៅស៊ូប្រវែង៤០,៨គីឡូម៉ែត្រដំណើរការសាងសង់រួចរាល់ជាស្ថាពរហើយ

AKP កំពង់ធំ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ –លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះថា ផ្លូវជនបទ១ខ្សែក្រាលកៅស៊ូប្រវែង ៤០គីឡូម៉ែត្រ៨០០ម៉ែត្រ ដែលបែកចេញពីផ្លូវជាតិលេខ៦ត្រង់ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ទៅភូមិអូរអង្គរព្រំប្រទល់ខេត្តព្រះវិហារ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ សម្រេចដំណើរការសាងសង់រួចរាល់ជាស្ថាពរហើយកាលពីចុងខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងការដឹកផលិតផលពីតំបន់ជនបទ មកទីប្រជុំជនស្រុកស្ទោង និងខេត្តកំពង់ធំ។ផ្លូវមួយខ្សែនេះដំណើរការសាងសង់នៅដើមឆ្នាំ២០១៧ ក្រោមកម្ចីរសម្បទានរបស់រដ្ឋាភិបាលចិន ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ(DBST)។ លោកបានឱ្យដឹងទៀតថា ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ចំនួន ៣ខ្សែទៀតប្រវែង៧២,៦គីឡូម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទសំបូរ សណ្ដាន់ កំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្គ កំពុងដំណើរការសាងសង់បានប្រមាណ៤៥ភាគរយហើយ។ ផ្លូវួទាំង៣ខ្សែនេះ ដំណើរការសាងសង់នៅចុងឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះ៕

ដោយ ស៊ុម​ វណ្ណា