ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តក្រចេះ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ គម្រប់ខួប៧ឆ្នាំ

AKP ក្រចេះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ –ឯកឧត្តម  ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំវិធីប្រារព្ធគោរពវិញ្ញាណក្ខន្ធព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ  លោក  លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អភិបាល អភិបាលរងក្រុង ស្រុក សិស្សនិស្សិត តាជី យាយជី ជាច្រើននាក់ កាលពីរសៀលថ្ងៃអង្គារ ២រោច ខែអស្សុ ជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ។

នៅក្នុងឱកាសនៃពិធីគោរពវិញ្ញាណក្ខន្ធនោះ  ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះក៏បានអាននូវព្រះរាជជីវប្រវត្តិសង្ខេបរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ ។

ឯកឧត្តម  វ៉ា ថន ក៏បានបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋ សូមព្រះអង្គបានយាងទៅសោយព្រះបរមសុខ ក្នុងសុគតិភព និងសូមឱ្យព្រះវិញ្ញាណក្ខន្ធដ៏ស័ក្តិសិទ្ធិរបស់ព្រះអង្គតាមជួយប្រោសប្រទានសព្ទសាធុការពរដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រជារាស្រ្តខ្មែរទូទាំងប្រទេសប្រកបដោយវឌ្ឍនភាព វិបុលសុខនិងសុខក្សេមក្សាន្ត រុងរឿង ជាយូរអង្វែងតរៀងទៅ ។

នៅក្នុងពិធីដែរ គណៈអធិបតី រួមនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតបានស្តាប់ព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសថ្វាយនូវព្រះរាជកុសលផលបុណ្យ ជូនចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ  ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៕

ដោយជួន សុជាតិ