រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ

AKP សៀមរាប ថ្ងៃទី​​១​៦ ខែតុលា ឆ្នាំ២០១៩ –នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋគម្រប់ខួប៧ឆ្នាំ ក្រោមវត្តមានឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការ មេបញ្ជា ការរង កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពាណិជ្ជករ និងប្រជាពលរដ្ឋ បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ ដែលពិធីគោរពវិញ្ញាណក្ខន្ធនោះបានប្រារព្ធឡើងនៅមុខព្រះរាជដំណាក់ក្រុងសៀមរាប។

នៅចំពោះមុខព្រះភក្រ្តព្រះឆាយាល័ក្ខណ៍ព្រះអង្គនា​​​​​​​​​ឱកាសនោះ អ្នកចូលរួមទាំងអស់បានអុជទៀន ធូប ថ្វាយបង្គំ និងធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ ដោយបានធ្វើការស្មឹងស្មាត សម្តែង នូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ។ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ការពារដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ “ ព្រះបរមរតនកោដ្ឋ ” សូមព្រះអង្គបានយាងកំណើតទៅកើតនៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំនេះដែរ នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្តបានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាម និងគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យមានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ ផងដែរ៕

ដោយ ហង្ស សៀក