អភិបាលខេត្តបន្ទាយមានជ័យ៖ ជានិច្ចកាលរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់​ជួយដល់ប្រជាពលរដ្ឋជួបការលំបាកនៅគ្រប់ទីកន្លែង

AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ជានិច្ចកាលរាជ​​រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយក ចិត្តទុកដាក់ក្នុងជួយដោះស្រាយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយ ប្រការផ្សេងៗនៅគ្រប់ទីកន្លែងដោយពុំមានការរើសអើងនោះទេ។

ការលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមដឹកនាំក្រុមការងារចុះចែកអំណោយស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ​សម្បទាខេត្ត ដល់ប្រជាពលរដ្ឋ​ជួបលំបាកក្នុងជីវភាពគ្រួសារចំនួន ១២០គ្រួសារ ​មកពី ១០ភូមិ ក្នុងឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯក​​ស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ ទទួលបាន​នូវសុខសន្តិភាពជំរុញការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយនោះ​​ឯកឧត្តមក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋយើង បន្តចូលរួមជាមួយ រាជរដ្ឋាភិបាលថែរក្សា​សុវត្ថិភាព សុខសន្តិភាព ដែលកំពុងកើតមាននេះឱ្យបាននៅ គង់វង្សតទៅទៀត។

​ឯកឧត្តម អុំ រាត្រី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះឱ្យ​បន្តការយកចិត្តទុកដាក់ថែរក្សាសុខភាពរស់នៅមានអនាម័យពោលគឺហូបស្អាត ផឹកស្អាត​រស់នៅស្អាត។ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឱ្យអស់លទ្ធភាពក្នុងការប្រកបរបររកស៊ី​ធ្វើកសិកម្មដើម្បីជួយជំរុញជីវភាពរស់នៅឱ្យប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា អំណោយដែល​ចែកជូននេះក្នុង១គ្រួសារៗទទួលបាន ​ មី ១កេស មុង ១ ភួយ១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ ប្រេងឆា ១ដប និងអង្ករ ២៥គីឡូក្រាម៕

ដោយ ឈុន សារ៉ាត