អនុប្រធានទី១រដ្ឋសភាដឹកនាំគណៈប្រតិភូរដ្ឋសភាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ — ក្នុងឱកាសគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់​ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិក សមាជិការដ្ឋសភា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប ខាងកើតវិមានឯករាជ្យ។

សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធក្នុងព្រះជន្មាយុ៩០ព្រះវស្សានៅមន្ទីរពេទ្យនាទីក្រុងប៉េកាំងប្រទេសចិន។

ក្រោយការយាងចូលទិវង្គត របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ តុលា រៀងរាល់ឆ្នាំ ជាថ្ងៃគោរពព្រះវិញ្ញា​ណក្ខន្ធ​អតីត​ព្រះម​ហា​វី​រក្ស​ត្រ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ថ្នាក់ដឹកនាំក្រសួង  មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បានអញ្ជើញនាំគ្នាយកកម្រងផ្កាថ្វាយគោរពសក្ការៈចំពោះព្រះបរមរូប៕

ដោយ សុងយោ