សម្ដេចតេជោ រំម្លឹកពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ក្នុងការការទាមទារឯករាជ្យជាតិ

AKP ប៊ុយដាប៉ែស ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​សន៍​ថា ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ព្រះ​បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យជាតិពី បារាំង​នៅ​ ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់រីកចម្រើន​ជាបន្តបន្ទាប់​រហូ​តមកដល់សព្វថ្ងៃ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​​បានសរសេរថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ គឺជាថ្ងៃគម្រប់ខួប ៧ឆ្នាំគត់ ដែលសម្តេ​ច​ឪ​ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះ​អង្គបានយាងសោយទីវង្គត។ ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារា​ស្រ្ត​ទូ​ទាំ​ង ប្រទេសនៅចងចាំចំពោះ ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ។ ប្រជា​រា​ស្រ្ត​ទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថព្រះអង្គក្នុងការទាមទារ​ឯក​រា​ជ្យ​ជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើប​មុខមាត់​រីក​ច​ម្រើ​ន​​ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

ទូលព្រះបង្គំ សូមសម្តែងនូវការគោរពដឹងគុណ​ដ៏ខ្ពង់​ខ្ព​ស់​​បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាចំពោះជាតិ ទន្ទឹម​នឹ​ង​នេះ ទូលព្រះបង្គំប្តេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដើម្បី​ផ្តល់​សុ​ខ​សន្តិភាពជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេ​ច​យា​យ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់សម្រាប់​ប្រទេសជាតិទាំ​ង​មូ​ល​។សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេ​ច​ព្រះ​ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និង​សូ​មក​ម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌៕

ដោយ ជឹម ណារី