លោកជំទាវ ម៉ែន សំអន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — នារសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន ដឹកនាំគណៈ ប្រតិភូអធិការកិច្ច និងមន្រ្ដីជាន់ខ្ពស់ចំនួន១២នាក់ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ឡេ មិញខាយ (Le Minh Khai) អគ្គអធិការ នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្ដម ចាប សុថារិទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនៈកិច្ចនេះគឺជាការអនុវត្ត អនុស្សរណៈយោគយល់ គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអគ្គលេខាអធិការកិច្ចរដ្ឋាភិបាលវៀតណាបានចុះហត្ថលេខាតាំងពីឆ្នាំ២០០៥កន្លងមកនេះ ។ ម្យ៉ាងទៀតក៏ជាការបង្កើននូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើ ការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ក្នុងដំណើរទស្សនៈកិច្ចនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត គ្រោងនឹងអញ្ជើញគ្រូឧទ្ទេសនាមផ្នែកអធិការកិច្ចរបស់វៀតណាម មកធ្វើការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអធិការកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ផ្នែកអធិការកិច្ចពីគ្នាទៅវិញទៅមកផងដែរ៕

ដោយ សួស សំរិត