ឯកឧត្ដម ឃួង ស្រេង  អំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីបន្តចូលរួមគាំទ្រ  ថែទាំ និងដាំដើមឈើបន្ថែមទៀត 

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  អំពាវនាវដល់ពលរដ្ឋនៅ រាជធានី ភ្នំពេញទាំងអស់បន្ដចូលរួមគាំទ្រ ថែទាំ និងដាំដើមឈើបន្ថែមទៀត  ព្រោះការស្រឡាញ់ បរិស្ថាន នឹងធ្វើឱ្យការរស់នៅរបស់យើងមានសុខភាពល្អ នេះគឺជាការស្រឡាញ់ខ្លួនឯង។

ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវបែបនេះ ខណៈឯកឧត្តម និងមន្ដ្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងមន្ដ្រីពាក់ព័ន្ធ បានចូលរួមដាំដើមឈើ ជាង៣០០ដើមនៅ គល់ស្ពានជ្រោយចង្វារខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ  កាលពីព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងក្លាយជាសួនឧទ្យាន មួយដែលពោរពេញ ទៅដោយដើមឈើប្រណីតៗរាប់រយដើម អមសងខាងស្ពាននេះ។ ការដាំដើមឈើ ប្រណីតៗនៅលើសួនច្បារមិត្ដភាព កម្ពុជា-ជប៉ុនខាងលិចស្ពាន ចំនួន៣០០ដើម មានដើម គគី ធ្នង់ គ្រញូង នាងនួន និងត្របែកព្រៃ ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាំដើមឈើនៅពេលនេះគឺ ដើម្បីឱ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌ បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនា នៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។

ឯកឧត្ដមបន្ដថា ការដាំកូនឈើប្រណីតនេះបង្ហាញពីឆន្ទៈ និងមានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីព្រះសង្ឃ ប្រជាពលរដ្ឋ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ឱ្យចេះស្រឡាញ់ព្រៃឈើ និងការពារព្រៃឈើ ដើម្បីការពារបរិស្ថានដែលនៅជុំវិញខ្លួន៕

ដោយ​ សួស សំរិត